កិច្ចប្រជុំពិភក្សាដើម្បីត្រៀមរៀបចំ និងកំណត់កាលបរិច្ឆេទចាប់ដំណើរការសេវាច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត


កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅសាលាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំស្តីពីកិច្ចប្រជុំពិភក្សាដើម្បីត្រៀមរៀបចំ និងកំណត់ កាលបរិច្ឆេទចាប់ដំណើរការសេវាច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព លោក លី សំរិទ្ធ ឯកឧត្តម ជា សូផាត តំណាង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត និងអ្នកពាក់ព័ន្ធ។

កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលបានសម្រេចដាក់ឲ្យដំណើរការសាកល្បងកាលពីឆ្នាំ២០០៥។ ដោយផ្អែកលើលទ្ធផល និងមេរៀនបទពិសោធន៍ ក្រសួងមហាផ្ទៃ ក្រសួងស្ថាប័នពាក់ព័ន្ធ និងគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានពង្រីកការិយាល័យច្រកចេញចូលតែមួយជាបន្តបន្ទាប់ ដោយមើល ឃើញពីការពេញចិត្ត និងជឿទុកចិត្តពីប្រជាពលរដ្ឋ។

ការផ្តល់សេវារដ្ឋបាលរបស់ការិយាល័យច្រកចេញចូលតែមួយ បានបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋដែលមកទទយលសេវា និងបានរួមចំណែកក្នុងការប្រមូលចំណូលចូលថវិកាជាតិប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងចូលរួមទប់ស្កាត់នូវអំពើពុករលួយផងដែរ។

ជាមួយគ្នានេះ សេវាច្រកចេញចូលតែមួយនៅរដ្ឋបាលខេត្ត នឹងចាប់ដំណើរការនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដូចនេះចំពោះសេវាមួយចំនួនដែលធ្លាប់ផ្តល់សេវាដោយមន្ទីរ អង្គភាពនៅថ្នាក់ខេត្ត ហើយដែលក្រសួង ស្ថាប័នថ្នាក់ជាតិបានធ្វើប្រតិភូកម្មមកផ្តល់សេវាតាមច្រកចេញចូលតែមួយ។