សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា វិលត្រឡប់ពីកិច្ចប្រជុំកំពូលអាស៊ាន


     សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញមកដល់កម្ពុជាវិញ កាលពីល្ងាចថ្ងៃទី៨ ខែកញ្ញានេះ ក្រោយកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាបានបញ្ចប់។

     កិច្ចប្រជុំនៅក្នុងប្រទេសឡាវ រយៈពេល ៣ថ្ងៃនេះ ដែល សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួម មានៈ កិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩, កិច្ចប្រជុំកំពូលចិន-អាស៊ាន, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី១៩, កិច្ចប្រជុំកំពូលអាស៊ានសាធារណរដ្ឋកូរ៉េលើកទី១៨, កិច្ចប្រជុំកំពូលអាស៊ានបូក៣ លើកទី១៩, កិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលីលើកទី២ និងកិច្ចប្រជុំកំពូលអាស៊ានអូស្រា្តលី ២ឆ្នាំម្តង លើកទី១, កិច្ចប្រជុំកំពូលអាស៊ាន-អង្គការ សហប្រជាជាតិលើកទី៨ និងកិច្ចប្រជុំកំពូលមេគង្គជប៉ុនលើកទី៨។ កិច្ចប្រជុំបញ្ចប់ចុងក្រោយនៅថ្ងៃទី៨ ខែកញ្ញានេះ រួមមានៈ កិច្ចប្រជុំកំពូលអាស៊ានឥណ្ឌាលើកទី១៤, កិច្ចប្រជុំកំពូលអាស៊ានអាមេរិកលើកទី៤ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១១។

     សេចក្តីរាយការណ៍ពីប្រទេសឡាវបានឱ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១១ បញ្ហាភេរវកម្ម, បញ្ហានៅឧបទ្វីបកូរ៉េ និងជម្លោះក្នុងដែនទឹកសមុទ្ទចិនខាងត្បូង ត្រូវបានគេយកមកជជែក។ នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក លី ស៊ានឡុង បានថ្លែងថា លោកមានអារម្មណ៍ធូរស្បើយ លើបញ្ហាសមុទ្ទចិនខាងត្បូង ដែលមិន បានកើនឡើងខ្លាំង ក្នុងរយៈប៉ុន្មានខែកន្លងមកនេះ។ លោកថាមុននេះ មានសញ្ញាព្រួយបារម្ភ ដែលរឿងនេះកាន់តែលំបាកទៅៗ ប៉ុន្តែវិធានការណ៍មួយបានលេចឡើង ក្នុងការរៀបចំដំណើរការសន្ទនារវាងចិន និងហ្វីលីពីន ។ លោក លី បន្តថា ប្រទេសអាស៊ាន និងប្រទេសចិន បានបង្ហាញក្តីបំណងក្នុងការដោះស្រាយ បញ្ហានោះក្នុងន័យស្ថាបនា។

     សូមជំរាបថា កាលពីម្សិលមិញ អាស៊ាននិងចិន បានចេញនូវគោលការណ៍មានទំនាក់ទំនង Hotline ២៤ម៉ោងពេញ ៧ថ្ងៃ សម្រាប់ដោះស្រាយលើបញ្ហាបន្ទាន់ នៃករណីដែនទឹក និងបានចេញនូវសេចក្តីថ្លែងការណ៍រួម ស្តីពីការអនុវត្តន៍ក្រមប្រតិបត្តិ លើការជួបប្រទះណាចៃដន្យនៅក្នុងដែនសមុទ្ទនោះ។

     កិច្ចប្រជុំកំពូលពាក់ព័ន្ធទាំង៣ របស់អាស៊ាននៅថ្ងៃទី៨ ខែកញ្ញា ចុងក្រោយនេះបានបញ្ចប់… និងប្រមុខដឹកនាំអាស៊ានទាំង១០ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់។ ពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨ និង២៩ បានធ្វើនៅរសៀលម៉ោង២ និង៤៥នាទី។

HS 09 09 16 2

HS 09 09 16 3