ឯកឧត្តម គឹម សន្តិភាពថា បើឯកឧត្តមកឹម សុខា ចូលបំភ្លឺ តាមការកោះហៅ គ្មានឈ្មោះជាពិរុទ្ធជនទេ


ភ្នំពេញ៖ ឯកឧត្តម គឹម សន្តិភាព អនុរដ្ឋលេខាធិការក្រសួងយុតិ្តធម៌ និងជាអ្នកនាំពាក្យ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ បានឲ្យដឹងថា ប្រសិនបើឯកឧត្តម កឹម សុខា ចូលតាមការកោះហៅ ហើយទោះបីជាឆ្លើយបែបណាក៏ដោយ ក៏មកដល់ពេលនេះគាត់ពុំមានឋានៈជាពិរុទ្ធជនបែបនេះទេ ហើយក្នុងនាមតំណាងរាស្ត្រ គួរធ្វើជាគំរូល្អ ដល់ប្រជាពលរដ្ឋ ។
យោងតាម លិខិតចំហររបស់ឯកឧត្តម គឹម សន្តិភាព បានឲ្យដឹងថា ដៃគូរួមភេទផ្ទាល់ពុំមែនជា ចារីនៃ បទល្មើសនេះទេ តែជាសាក្សីដ៏សំខាន់ក្នុងការផ្តល់សាក្ខីកម្មដើម្បីស្វែងរកជនល្មើសនៃអំពើសញ្ចារកម្មនេះ!
បុគ្កលគ្រប់រូបដែលត្រូវបានចាត់ទុកថាដឹងអំពីតម្រុយ ឬព័ត៌មាននៃអំពើល្មើសណាមួយ ត្រូវចូលរួមផ្តល់សក្ខីកម្មដល់មន្ត្រី មានសមត្ថកិច្ចដើម្បីស្វែងរកជនល្មើ សមកផ្តន្ទាទោសតាមច្បាប់ ហើយក៏ជាការបង្ហាញ អោយឃើញថា ជាពលរដ្ឋល្អក្នុងសង្គម ដែលបានចូលរួមលុបបំបាត់ និទណ្ឌភាពផងដែរ ។
ដោយឡែកឯកឧត្តម កឹម សុខា ដែលត្រូវបានស្ថាប័នអយ្យការកោះហៅ ក្នុងនាមសាក្សីដើម្បីផ្តល់សក្ខីកម្ម សម្រាប់ស្វែងរកជនល្មើស ក្នុងអំពើសញ្ចារកម្មនោះ ពុំបានបំពេញកាតព្វកិច្ច របស់ខ្លួនក្នុងនាមជាបុគ្គល ដែលត្រូវបានកោះហៅផង និងក្នុងនាមជាពលរដ្ឋល្អ ក្នុងសង្គមផងនោះ បែជាជ្រើសរើសយកវិធីគេចវេស មិនចូលខ្លួន ដែលត្រូវបានច្បាប់កំណត់ថា ជាបទល្មើស ដែលនាំអោយខ្លួនក្លាយជាពិរុទ្ធជននាពេលនេះ ។
ឯកឧត្តម គឹម សន្តិភាពក៏បាន អំពាវនាវដល់ពិរុទ្ធជន កឹម សុខា គួរយកពេលវេលារបស់ខ្លួនពិភាក្សា ជាមួយមេធាវីដែលមានជំនាញឯកទេស ដើម្បីការពារក្តីអោយខ្លួន ប្រសើរជាងយកពេលវេលា ធ្វើរឿងឥតប្រយោជន៍ដល់ខ្លួន ការជ្រើសរើសយកផ្លូវដើរ ដោយខ្លួនឯង ដោយប្រព្រឹត្តទង្វើប្រឆាំង នឹងច្បាប់បែបនេះ គឺជាការកំណត់យក អនាគតដោយខ្លួនឯង ។
សូមរំលឹក ថាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ឯឧត្តម កឹម សុខា បានត្រូវចៅក្រមជំនុំជម្រះលោក កែវ មុនី ប្រកាសសាលក្រមនៅថ្ងៃទី៩កញ្ញា សម្រចផ្តន្ទាទោសដាក់ពន្ឋនាគារ ចំនួ៥ខែ និងពិន័យ៨សែនរៀល និងចាត់ទុកជាចំពោះមុខ ពាក់ព័ន្ឋនឹងបទមិនចូលខ្លួន ក្នុងសវនាការ ៕