ឯកឧត្តម សុខ ឥសាន ថា “វាគ្រាន់តែជាសកម្មភាព ដើម្បីបំផ្លាញជាតិរបស់អតីតបក្សប្រឆាំង ហើយនឹងបច្ចុប្បន្ននេះដែលកំពុងស្ថិតនៅក្នុងក្រុមឧទ្ទាមក្រៅច្បាប់តែប៉ុណ្ណោះទេ


ភ្នំពេញ ៖ ក្រុមអតីតមន្រ្តី គណបក្សសង្រ្គោះជាតិ ប្រចាំសហរដ្ឋអាមេរិក (CNRP USA) បាន ជំរុញសភាអាមេរិក អនុម័តច្បាប់ ដាក់ទណ្ឌកម្មថ្មី មកលើកម្ពុជា មុនថ្ងៃបោះឆ្នោត ជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៦ មកដល់ ប៉ុន្តែអ្នកនាំពាក្យ គណបក្សកាន់អំណាច (ប្រ.ជ) ឯកឧត្តម សុខ ឥសាន ថា គឺជាការចង់បំផ្លាញជាតិ របស់អតីតបក្សប្រឆាំង យ៉ាងពិតប្រាកដ។

នេះមិនមែនជាលើកដំបូងនោះទេ របស់អតីតមន្រ្តីបក្សប្រឆាំង និងលោក សម រង្ស៊ីផ្ទាល់តែម្តង ដែលតែងតែមានសកម្មភាព នៅក្រៅប្រទេស ដើម្បីគរគៀឲ្យប្រទេស ជាម្ចាស់ជំនួយ ដាក់​ទណ្ឌកម្ម មកលើកម្ពុជា ក្នុងគោលបំណងដាក់សម្ពាធ លើរាជរដ្ឋាភិបាលកម្ពុជា ឲ្យបក្សរស់​ឡើងវិញ ដើម្បីចូលរួមការបោះឆ្នោត ប៉ុន្តែរាល់សកម្មភាពទាំងអស់នេះ ហាក់ពុំមាន ទម្ងន់មកលើកម្ពុជានោះទេ ព្រោះកម្ពុជាកំពុងតែខិតជិតឈាន ទៅដល់ការបោះឆ្នោត ថ្នាក់ជាតិហើយ។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ លោក កឹម សុខា នៅថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា “ថ្នាក់ដឹកនាំសាខា គណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិក ដែល មានលោក ផាន ប្រាក់ លោក វ៉ា សាម៉ន លោក សុខ សុផាត និងលោក រាជ សុគុណ បាន ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសភាអាមេរិក លោក Ed Royce លោក Ted Yoho និងលោក Alan Lowenthal ដើម្បីជំរុញសភា សហរដ្ឋអាមេរិកឲ្យអនុម័តច្បាប់ទណ្ឌកម្មថ្មី The Cambodia Democracy Act ឲ្យបានមុនការបោះឆ្នោតក្លែងក្លាយនៅកម្ពុជា”។

ហ្វេសប៊ុករបស់អតីតមេបក្សប្រឆាំង បានឲ្យដឹងទៀតថា រដ្ឋាភិបាលអាមេរិក បន្ថែមឈ្មោះ ជនរំលោភសិទ្ធិមនុស្ស នៅកម្ពុជា ចូលក្នុងបញ្ជី Specially Designated Nationals List ដោយ ប្រើច្បាប់ដែលមានស្រាប់ Global Magnitsky Act ។ ក្រសួងពាណិជ្ជកម្មអាមេរិក ឲ្យបើកការ ស៊ើបអង្កេតទៅលើកម្មវិធីអនុគ្រោះពន្ធមកកម្ពុជា ដើម្បីជំរុញឲ្យកម្ពុជា គោរពគោលការណ៍ សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៨ កក្កដាថា “វាគ្រាន់តែជាសកម្មភាព ដើម្បីបំផ្លាញជាតិរបស់អតីតបក្សប្រឆាំង ហើយនឹង បច្ចុប្បន្ននេះ ដែលកំពុងស្ថិត នៅក្នុងក្រុមឧទ្ទាមក្រៅច្បាប់តែប៉ុណ្ណោះទេ។ បើមិនបានបំផ្លាញ ហ្នឹង គាត់មិនអស់ចិត្តទេ ចឹងរាល់សកម្មភាពរបស់គាត់ សុទ្ធតែក្នុងទិសដៅចង់បំផ្លាញ ជាតិហើយ”។

ឯកឧត្តមបន្តថា ទោះជាអតីតបក្សប្រឆាំង ខំប្រឹងស្នើទៅសភាអាមេរិក លើបញ្ហាណាមួយ ក៏អត់មានប្រយោជន៍ដែរ ព្រោះរយៈពេលច្រើនឆ្នាំហើយ ដែលអតីតបក្សប្រឆាំង ជាក្រុមឧទ្ទាម ក្រៅច្បាប់ខំប្រឹងធ្វើសកម្មភាព ដើម្បីឲ្យប្រទេសនេះជួយ តែអាមេរិកមិនមានការឈឺ ឆ្អាលឡើយ។

អ្នកនាំបក្សកាន់អំណាចអះអាងថា ទោះបីអាមេរិកចង់ធ្វើអ្វីមួយមកលើកម្ពុជា យ៉ាងច្រើនយ៉ាង ណាក៏ដោយនោះ គឺធ្វើបានត្រឹមតែបិទប្រព័ន្ធអនុគ្រោះពន្ធនាំទំនិញចូលទៅអាមេរិកប៉ុណ្ណោះ ក៏ប៉ុន្តែការបិទនោះ មិនងាយទេ ព្រោះមិនមែនជារឿងងាយស្រួល ដោយសារអង្គការអន្តរជាតិ ខាងការងារ(ILO) បានទទួលស្គាល់ ចំពោះលក្ខខណ្ឌការងារនៅកម្ពុជាថា មានលក្ខណៈល្អ ប្រសើរ អាចទទួលយកបាន។

ឯកឧត្តម សុខ ឥសាន សង្កត់ធ្ងន់ថា ការសម្រេចដាក់ទណ្ឌកម្មណាមួយមកលើកម្ពុជា មិនមែនជា ការសម្រេចទៅលើរដ្ឋាភិបាលអាមេរិកតែម្នាក់ឯងនោះទេ គឺត្រូវមានភាគីពាក់ព័ន្ធចូល រួមទើបអាចធ្វើបាន មិនមែនគ្រាន់តែជាការសំណូមពររបស់អតីតបក្សប្រឆាំងតូចមួយចង់បាន គឺបាននោះទេ។

ពាក់ព័ន្ធពាណិជ្ជកម្មដែលអាមេរិក លើកឡើងនោះ ឯកឧត្តមថា អាមេរិកសព្វថ្ងៃកំពុងប្រកួត ប្រជែងសង្រ្គាមពាណិជ្ជកម្មយ៉ាងធ្ងន់ធ្ងរ ជាមួយបណ្ដាប្រទេសនានា ជាពិសេសជាមួយចិន ដូច្នេះអាមេរិកមិនយកពេលមកគិតជាមួយពួកឧទ្ទាមក្រៅច្បាប់ ដែលខំប្រឹងទៅឱបដៃ ឱបជើង អាមេរិកឡើយ ព្រោះជារឿងមួយអត់ប្រយោជន៍។

ចំពោះបញ្ហារំលោភសិទ្ធ មនុស្សនៅកម្ពុជាវិញ ដែលបានចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា រំលោភសិទ្ធមនុស្សធ្វើឲ្យលទ្ធិប្រជាធិបតេយ្យ ដើរថយក្រោយ ឯកឧត្តម សុខ ឥសាន អះអាងថា គ្រាន់តែជាពាក្យ ដែលអតីតបក្សប្រឆាំងថាប៉ុណ្ណោះ និងជាការមួលបង្កាច់ផ្ទុយពីការ ពិតជាក់ស្ដែង