ឯកឧត្តម ផៃ ស៊ីផាន ចាត់ទុកថា សេចក្តីថ្លែងការណ៍របស់តំណាងរាស្ដ្រមណ្ឌលតូចមួយ នៅប្រទេសម៉ាឡេស៊ីនេះ គឺគ្រាន់តែជាក្ដីបារម្ភរបស់បុគ្គលមួយ


(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ផៃ ស៊ីផាន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានឆ្លើយតបទៅកាន់ លោក Wong Chen ដែលបានចេញសេចក្ដីថ្លែងការណ៍ បង្ហាញពីការព្រួយ​បារម្ភ​ចំពោះស្ថានភាពនយោបាយនៅកម្ពុជា។ ឯកឧត្តមចាត់ទុកថា សេចក្តីថ្លែងការណ៍របស់តំណាងរាស្ដ្រមណ្ឌលតូចមួយ នៅប្រទេសម៉ាឡេស៊ីនេះ គឺគ្រាន់តែជាក្ដីបារម្ភរបស់បុគ្គលមួយ ដែលមាននិន្នាការនយោបាយប្រឆាំងកម្ពុជាតែប៉ុណ្ណោះ។

ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងយ៉ាងដូច្នេះថា «​ការឆ្លើយតបរបស់ខ្ញុំចំពោះលោក Wong Chen ដែលលើកឡើងពីសេចក្តីបារម្ភ​ ចំពោះស្ថានភាពនយោបាយ នៅកម្ពុជា ដែលចេញជាសេចក្តីថ្លែងការណ៍នោះ ​គឺជាក្តីបារម្ភ​របស់បុគ្គល ដែល​មាននិន្នាការនយោបាយ​ប្រឆាំងនឹងកម្ពុជាប៉ុណ្ណោះ»

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា, ការលើកឡើងរបស់តំណាងរាស្ត្រម៉ាឡេស៊ី ដែលថា ​ម៉ាឡេស៊ី​ក៏មានកាតព្វកិច្ច ចូលរួមការពារ និងលើកតម្កើនលទ្ធិប្រជាធិបតេយ្យ នៃសមាគមប្រជាជាតិសមាជិកអាស៊ាន​នោះ ជាការយល់ច្រឡំធំ​មួយ ដែលមិនយល់ច្បាស់ និង​រំលោភ​គោលការណ៍ នៃសមាគមប្រជាជាតិអាស៊ាន ដែល​មិនលូកលាន់ផ្ទៃក្នុង របស់សមាជិកប្រជាជាតិណាមួយនៅក្នុងតំបន់អាស៊ាន។

មន្ដ្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា ​«លោក Wong Chen មិនបានតាមដាន​ពិតប្រាកដ នៃដំណើរការរបស់អាស៊ាន ជារួម​ស្តីពី​ការគោរព​សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះឡើយ។ រាល់កិច្ចប្រជុំកំពូលអាស៊ានម្តងៗ សមាគមអាស៊ាន បានលើកឡើងអំពីគោលការណ៍ និងយន្តការណ៍​ច្បាស់លាស់ នៃការសម្រេច​ក្នុងកិច្ចអនុវត្ត នៅក្នុងវិស័យសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជារួមនេះ។ ដូច្នេះការលើកឡើងរបស់បុគ្គលរូបនេះ មិនត្រឹមតែបង្ហាញ ភាពក្រអឺតក្រទម និងភាពល្ងង់ខ្លៅ នៅក្នុងក្រមសីលធម៌របស់សមាគមអាស៊ានតែប៉ុណ្ណោះទេ គឺបង្ហាញនូវការតាំងខ្លួនជា​មេកាង មិនអៀនខ្មាស់នៅក្នុងតំបន់​ (អនុត្តរៈ)»

ឯកឧត្តម ផៃ ស៊ីផាន ​​សូមរំលឹកដល់លោក Wong Chen ដែលមកពីគណបក្ស People’s Justice Party (PKR) គឺលោក​គ្រាន់តែជាតំណាងរាស្ត្រ​ក្នុងមណ្ឌលតូច​មួយរបស់លោកតែប៉ុណ្ណោះ​លោកគ្មានរូបភាព ឬអំណាច​ណាដែលមានឥទ្ធិពល​ដល់កម្ពុជានោះឡើយ​។ ដូច្នេះសូមលោកប្រឹងប្រែងអភិវឌ្ឍ ​សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅក្នុងប្រទេសរបស់លោក Malaysia តែមួយគត់ ដែលជាដែនសមត្តកិច្ចរបស់លោកនោះទៅ។

​ឯកឧត្តម ផៃ ស៊ីផាន បានគូសបញ្ជាក់ថា អាស៊ានមានគោលការណ៍ និងយន្តការណ៍ក្នុងការអភិវឌ្ឍ​ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅក្នុងតំបន់ ដើម្បីរក្សាឯកភាព នៃប្រជាជាតិអាស៊ាន និង​រក្សាតម្លៃអាស៊ាន​ខុស​ពីភាពវងេ្វង​របស់លោក ​Wong Chen៕