ឯកឧត្តម ស៊ុន ចាន់ថុល ចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៤ ដើម្បីចាត់វិធានការទប់ស្កាត់ និងស្តារឡើងវិញអោយបានទាន់ពេលវេលា ដែលផ្លូវនេះ រកផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង មកពីឥទ្ធិពលសម្ពាធទាប និងឥទ្ធិពលខ្យល់ព្យុះទី៩ ឈ្មោះសុន ទីញ


ថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យមើលស្ថានភាពផ្លូវលេខ ៤ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្ដម ហ៊ុន ម៉ានី និង អភិបាលនៃគណអភិបាលខេត្តទាំងពីរ។

សូមបញ្ជាក់ផងតដែរថា ដោយសារ ប្រទេសកម្ពុជាកំពុងទទួលរងនូវសម្ពាធទាបនិងឥទ្ធិពលខ្យល់ព្យុះទី៩ ឈ្មោះសុន ទីញ បាន បង្កឲ្យមានភ្លៀងធ្លាក់ជោគជាំ និងមានទឹកជំនន់ទឹកភ្លៀងជន់លិច នៅតាមបណ្តាខេត្តមួយចំនួន និងបានធ្វើឲ្យកំណាត់ខ្សែផ្លូវ ស្ពាន មួយចំនួនត្រូវបានកាត់ផ្តាច់ចរាចរណ៍ទាំងស្រុង ដូចជាកំណាត់ផ្លូវជាតិលេខ៤ និងកំណាត់ផ្លូវខេត្តលេខ១៣២ ជាដើម ហើយខ្សែផ្លូវជាតិ ផ្លូវខេត្ត មួយចំនួនទៀតក៏ទទួលរងការខូចខាតស្រទាប់ផ្លូវផ្នែកផ្ទៃខាងលើផងដែរ ដូចជា៖ កំណាត់ផ្លូវជាតិលេខ២ លេខ៣ លេខ៣៣ លេខ៤១ លេខ៤៥ លេខ៤៨ លេខ៥៧ និងកំណាត់ ផ្លូវខេត្តលេខ១៤៨ លេខ៣៧៧ លេខ១៣៣២ លេខ១៣៣៣ លេខ១៣៣៥ លេខ១៥៩ដេជាដើម ដែលបង្កអោយ មានការលំបាកធ្វើចរាចរណ៍។

ឯកឧត្តមទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា ក្រសួងសាធារណការនិងដឹកជញ្ជូន បាន និងកំពុងសហការ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតំបន់ដែលកំពុងមានបញ្ហា ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋ និងសម្រួលចរាចរណ៍ទៅមករបស់បងប្អូន។

នៅក្នុងការអញ្ជើញចុះពិនិត្យមើលផ្លូវរងការខូចខាតនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ដ្រីបានចុះពិនិត្យមើលដោយផ្ទាល់នៅទីតាំងដែលរងការខូចខាត ហើយថ្លៃងនៅក្នុងពេលនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សហការជាមួយធនាគារពិភពលោក World Bank គ្រោងចំណាយថវិកាប្រមាណ ១១០លានដុល្លារ ដើម្បីជួសជុល និងពង្រីកតួផ្លូវ ចិញ្ចើមផ្លូវ ដោយធ្វើការពង្រីកពី ៧ម៉ែត្រ ទៅ ១១ម៉ែត្រ លើផ្លូវជាតិលេខ៤ នេះ ដើម្បីបង្ការ និងទប់ស្កាត់ផលប៉ះពាល់ដោយសារទឹកជំនន់ជាបន្ទាប់ទៀត។

ហើយក្រសួងនឹងចាប់ផ្តើមជួសជុល និងស្តារការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវវថ្នល់ ស្ពាន ឡើងវិញជាបន្ទាន់ បន្ទាប់ពីឥទ្ធិពលសម្ពាធទាបនេះ បានថយចុះទៅវិញ ដើម្បីធានាឲ្យមាននិរន្តរភាពចរាចរណ៍ជាប្រក្រតី។

ថ្លែងនៅក្នុងពេលនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន សូមមេត្តាកុំដឹកលើសទម្ងន់ ដែលបង្កឱ្យមានការខូចខាតផ្លូវ ស្ពាន ប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនានា និងនាំប៉ះពាល់ដល់ជីវភាពបងប្អូនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។