កូនឈើ៣ប្រភេទចំនួន៣៥០ដើម
ត្រូវបានសាលាក្រុងបានលុង នាំយកទៅ ដាំលើផ្ទៃដីសងខាងអតីតព្រលានយន្តហោះក្នុងឱកាសប្រារព្ធធ្វើបុណ្យរុក្ខទិវា ៩កក្កដានាព្រឹកថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០១៨ ក្រោមអធិបភាព ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត។
ឯកឧត្តម ថង សាវុន មានប្រសាសថា ពិធីបុណ្យរុក្ខទិវាឆ្នាំនេះ ខេត្តបានអោយអាជ្ញាធរស្រុក ក្រុងទាំង៩ សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើខេត្តធ្វើការដាំកូនឈើនៅលើទីតាំងផ្ទៃសមស្របតាមបណ្តាស្រុកក្រុងរៀងៗខ្លួន។ ជាក់ស្តែងថ្ងៃេនេះអាជ្ញាធរក្រុងបានលុងសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងយុវជនស្រលាញ់សន្តិភាពបាននាំយកកូនឈើ ៣ប្រភេទរួមមាន កូនឈើ គគីកូនឈើត្របែកព្រៃ និងកូនឈើលឿងរាជសរុបចំនួន៣៥០ដើម មកដាំនៅសងខាងអតីតព្រលានយន្តហោះខេត្តដើម្បីលម្អសោភ័ណ្ឌភាពក្រុងក៏ដូចជាប្រែក្លាយទីក្រុងបានលុងអោយមានបៃតង។
ឯកឧត្តម អភិបាលខេត្តបន្តថាការចលនាដាំដើមឈើនេះគឺអនុវត្តតាមគោលនយោបាយកំណែទម្រង់ព្រៃឈើរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុង គោលដៅយូរអង្វែងរបស់ប្រទេសជាតិយើង គឺការអភិរក្ស និងការគ្រប់ គ្រងធនធានធម្មជាតិ ជីវចំរុះ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឱ្យបានប្រសើរឡើង និង ប្រែក្លាយមូលដ្ឋាននិមួយៗឲ្យមានទេសភាពល្អ ប្រកប ដោយគម្របពណ៌បៃតង កាន់តែស្រស់ត្រកាលឡើង ៕