បន្ទាយមានជ័យ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ អមដំណើរដោយភរិយាថ្នាក់ដឹកនាំបានអញ្ជើញពិនិត្យការដ្ឋានជួសជុលផ្លូវក្រាលថ្មមិចមួយខ្សែប្រវែង ៣៣០០ម៉ែត្រ នៅភូមិសន្តិភាព ឃុំទួលពង្រ ,ពិនិត្យទីតាំងចាក់ដីទីធ្លានិងធ្វើតារាងបាល់ នៅសាលាបឋមសិក្សាទួលប្រាសាទនិងសំណេះសំណាលសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ នៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះដែរ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានថ្លែងបន្តថា យុទ្ធសាស្រ្តឈ្នះ ឈ្នះ និងគោលនយោបាយសុខដុមមណីកម្មសង្គមជាតិ ដឹកនាំដោយសម្តេចតេជោហ៊ុនសែន កម្ពុជាបានបញ្ចប់សង្រ្គាមនិងធ្វើការបង្រួបបង្រួមផ្សះផ្សារជាតិ ផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋបានដោយខ្លួនឯង តំបន់សង្រ្គាមទាំងអស់ប្រែក្លាយជាតំបន់សន្តិសុខនិងអភិវឌ្ឍជាមួយនឹងផ្លូវថ្នល់ស្អាត មន្ទីរពេទ្យ និងសាលារៀន រោងចក្រ និងចំការ ហើយផ្លូវមួយខ្សែនេះពិតជាមានសារៈសំខាន់ចាំបាច់ចំពោះបងប្អូនប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរបានងាយស្រួលជាងមុន ចំណេញពេលវេលាជាងមុន ហើយសូមបងប្អូនជួយថែរក្សាផ្លូវនេះ និងបើកបរគោរពច្បាប់ចរាចរណ៍បញ្ជៀសបាននូវគ្រោះថ្នាក់ផ្សេងៗដែលនាំទុក្ខដល់ខ្លួនឯង ក្រុមគ្រួសារ ។
ជាមួយគ្នានេះលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានថ្លែងការអរគុណដឹងគុណដល់ប្រជាពលរដ្ឋអ្នកម៉ាឡៃនៃគ្រួសារអ្នកបន្ទាយមានជ័យ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោហ៊ុន សែន រក្សាសុខសន្តិភាព និងការអភិវឌ្ឍមូលដ្ឋានឲ្យទទួលបានការរីកចម្រើន ហើយសូមបន្តវប្បធម៌ចូលរួម និងថែរក្សាសន្តិភាពនេះឲ្យនៅគង់វង្ស ដោយអញ្ជើញទៅបោះឆ្នោតគាំទ្រសម្តេចតេជោហ៊ុនសែនដើម្បីបន្តដំណើរការអភិវឌ្ឍជាមួយគ្នាដើម្បីអនាគតយើង និងកូនចៅយើង ។
ជាមួយគ្នានេះដែរ ជាមួយនឹងទឹកចិត្តស្រឡាញ់ គិតពីសុខទុក្ខលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានផ្តល់នូវផ្លូវមួយខ្សែប្រវែង១៨០០ម៉ែត្រនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ផងដែរ។