កោះកុង :ថ្ងៃច័ន្ទ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម កៅ ខុនដារ៉ា សមាជិកគណកម្មាធិការកណ្តាល គណៈបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រែអំបិល បានជួបសំណេះសំណាលជាមួយ សមាជិក សមាជិការបក្ស បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង និងបង្ហាញបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកោះកុង ដែលមានអ្នកចូលរួមជាង១២០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម កៅ ខុនដារ៉ា បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់បក្សមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចក្រឡាហោម និងសម្តេចវិបុលសេនាភក្តី អនុប្រធានគណបក្ស។
ក្នុងឱកាសនោះដែរ ឯកឧត្តម កៅ ខុនដារ៉ា បានថ្លែងបន្តថា : មានតែគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោហ៊ុន សែន តែមួយគត់ ដែលបានរួមរស់រួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាគ្រប់ទីកន្លែង ខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ មិនគិតពីការនឿយហត់ មិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ សាសនាអ្វីទាំងអស់ គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្តសម្បូរសប្បាយ ជីវភាពធូរធារ ជាមួយនឹងសុខសន្តិភាព ” ទីណាមានទុក្ខលំបាក ខ្វះខាត ទីនោះមានគណបក្សប្រជាជនកម្ពុជាជួយដោះស្រាយ “ គណបក្សប្រជាជនកម្ពុជាយើងឈ្នះ គឺប្រជាពលរដ្ឋយើងឈ្នះ ប្រទេសជាតិយើងកាន់តែរីកចម្រើន។
ជាមួយគ្នានោះ ឯកឧត្តមកៅ ខុនដារ៉ា ប្រធានក្រុមការងារ ថ្លែងអំណរគុណនិងបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋក្នុងឃុំជ្រោយស្វាយទាំងអស់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃ២៩ ខែកក្កដា ខាងមុខ ដើម្បីសម្តេចតេជោហ៊ុន សែន ដឹកនាំរាជរដ្ឋាភិបាល បន្តអភិវឌ្ឍន៍ប្រទេសជាតិ លើកកំពស់ជីវភាពរស់នៅប្រកបដោយសុខសន្តិភាព និងភាពសុខុដុមរមនាជាបន្តទៀត ៕