លោកជំទាវឧកញ៉ា កែវ ម៉ាលី បាននិមន្តព្រះសង្ឃចំនួន២៧វត្ត មកសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនាផងដែរ ក្នុងពិធីបុណ្យចូលព្រះវស្សា


នាព្រឹកថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ នៅវិមានកែវចរណៃ ដែលស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លោកជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ និងជាប្រធានក្រុមការងារចល័តពិសេសចុះជួយខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បាននិមន្តព្រះសង្ឃចំនួន២៧វត្ត មកសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនាផងដែរ ក្នុងពិធីបុណ្យចូលព្រះវស្សា ដើម្បីប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃទុកប្រើប្រាស់ក្នុងរយៈពេលបីខែរបស់ភិក្ខុសង្ឃក្នុងពុទ្ធសាសនា និងដើម្បីបង្ហាញពីទឹកចិត្តគោរពស្រឡាញ់ប្រតិបត្តិរបស់ថ្នាក់ដឹកនាំដែលជាសមាជិកគណបក្សប្រជាជនកម្ពុជាទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹនាំ និងមន្រី្តរាជការជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះដែរ លោកជំទាវឧកញ៉ា ក៏បានប្រគេននូវទៀនព្រះវស្សា និងទេយ្យទានផ្ទាល់របស់លោកជំទាវ ដល់ព្រះសង្ឃចំនួន២៧វត្ត ក្នុងមួយវត្តៗ ទទួលបានទេយ្យទានរួមមាន៖ ទៀនព្រះវស្សា១គូ ស្លាដក់១ប្រអប់ អង្ករ៥០គីឡូក្រាម ឆៃប៉ូវ៥គីឡូក្រាម ទឹកសុទ្ធ១កេស ទឹក្រូច១កេស និងបច្ច័យ៤០ម៉ឺនរៀល រហូតដល់១លានរៀល ព្រមទាំងឧបត្ថម្ភថវិកា និងក្រណាត់-ស ជូនដល់យាយជី ចំនួន២០នាក់ ក្នុងម្នាក់ទទួលបានថវិកា២ម៉ឺនរៀល និងក្រណាត់-ស១ដុំ ដោយឡែកអាចារ្យចំនួន២៧នាក់ ក្នុងម្នាក់ទទួលបានថវិកា៤ម៉ឺនរៀល និងក្រណាត់-ស១ដុំ សរុបថវិការួមអស់ចំនួន៦២,២៣១,០០០រៀល។