នាព្រឹកថ្ងៃសៅរ៌ ៩កើត ខែទុតិយាសាឍឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំក្រុមគ្រូពេទ្យដោយមានការចូលរួមពីលោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ចុះជួយពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ស្ពឺ និងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ស្ថិតក្នុងទីតាំងភូមិញរ សង្កាត់កណ្តោដុំ ក្រុងច្បារមនដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ អភិបាលក្រុងច្បារមននិងថ្នាក់ដឹកនាំអង្គភាពនាៗជុំវិញ់ខេត្ត។ បន្ទាប់ពីបានស្តាប់របាយការណ៏សង្ខេបស្តីពីផលប៉ះពាល់បណ្តាា លមកពីគ្រោះទឹកជំនន់នៅទូទាំងខេត្តរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនៅការផ្តាំផ្ញើរសួរសុខទុក្ខនិងក្តីនឹករលឹកពីសណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានកោតសរសើរចំពោះអាជ្ញាធរដែនដីនិងមន្ត្រីសុខាភិបាលដែលបានយកចិត្តទុកដាក់និងអន្តរាគមន៏បានទាន់ពេលវេលា ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់នូវសារអប់រំសុខភាពមួយចំនួនស្តីពីការការពារបញ្ហាសុខភាពក្នុងនិងក្រោយពេលទឹកជំនន់ដូចជាត្រូវរក្សាអានាម័យការហូបចុកអោយបានស្អាតល្អ ហូបទឹកឆ្អិនដាំពុះ ណែនាំពីរបៀបប្រើថ្នាំក្ល័រ៉ាមីនសំរាប់ដាក់ក្នុងទឹក សុំអោយប្រុងប្រយ័ត្ននៅពពួកសត្វអាសិរពិសចឹកឬខាំ ហើយបើមានបញ្ហាសុខភាព សូមប្រញ៉ាប់ប្រញ៉ាល់បញ្ជូនមកមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបើមានករណីពស់ចឹកឬមានករណីជម្ងឺផ្សេងទៀត។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញបន្តក់ថ្នាំជីវជាតិ អា ដល់កុមារតូចៗ ផ្តល់ថ្នាំបង្ការជំងឺដល់កុមារ និង ផ្តល់ការពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅទីនោះផងដែរ។ ឯកឧត្តមបានណែនាំអោយមន្ត្រីសុខាភិបាលខិត្តខំបន្តរយកចិត្តទុកដាក់អបរំណែនាំ តាមដានជាប្រចាំពីបញ្ហាសុខភាព ផ្តល់ការពិនិត្យព្យាបាលជម្ងឺរហូតដល់ពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញ។ ឯកឧត្តមក៏បាននាំយកមកជាមួយនៅឱសថមួយចំនួនជូនដល់មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺដើម្បីប្រើប្រាស់បន្តសកម្មភាពពិនិត្យនិងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះនោះ ជាពិសេសស្ត្រីមានផ្ទៃពោះ និងផ្តល់ការចាក់ថ្នាំបង្ការជាបន្តទៀត ដោយរដ្ឋជាអ្នកចេញថ្លៃជួសផងដែរ ។