ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តម ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកភ្នំក្រវាញ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវគ្រួសក្រហមប្រវែង៧១០០ម៉ែត្រ លូកាត់ផ្លូវ០៧កន្លែង តភ្ជាប់ពីភូមិអូរព្រាល ដល់ភូមិព្រែក២ និងស្ពានឈើមួយកន្លែងទៀត មានប្រវែង១៦ម៉ែត្រ។
ពិធីនេះធ្វើឡើង នៅក្នុងបរិវេណដីវាល ជាប់ផ្លូវក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវាញ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីអ្នកមុខអ្នកការក្នុងស្រុក ក្រុមការងារចុះជួយ ឃុំ ស្រុក និងប្រជាពលរដ្ឋជិត៨០០នាក់ ។
ថ្នាក់ដឹកនាំទាំង២ បានសំណូមពរដល់ប្រជាពលរដ្ឋ បន្តចូលរួមប្រើប្រាស់ និងថែរក្សាសមិទ្ធផលទាំងនេះ ឲ្យបានគង់វង្សល្អ និងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់រួមដំណើរជាមួយ សម្តេចតេជោ ដើម្បីបានបន្តគ្រប់គ្រងដឹកនាំនាវាកម្ពុជាឆ្ពោះ ទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំង២ ក៏បានអំពាវនាវបន្ថែមឲ្យបងប្អូនប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា ដោយបញ្ជាក់ថានៅសល់០៥ថ្ងៃទៀតទេ នឹងដល់ថ្ងៃបោះឆ្នោតហើយ៕