បន្ទាយមានជ័យ ៖ ថ្ងៃអង្គារ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ានសមាជិកអចិន្ត្រៃយ៍គណកម្មាធិការកណ្តាល អ្នកតំណាងរាស្រ្ត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក និងមូលដ្ឋាន អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយមន្រ្តីបក្សពីសាខាបក្សគ្រប់មន្ទីរអង្គភាពជុំវិញបក្សខេត្តបន្ទាយមានជ័យចំនួនជាង១៤០០នាក់ នៅមន្ទីរបក្សខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់បក្សមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រធានគណបក្ស សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្ស។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្ថែមថា :គោលនយោបាយដើរលើផ្លូវត្រូវរបស់គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោហ៊ុនសែន ប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្តជាមួយនឹងការរីកចម្រើនរបស់ប្រទេសជាតិលើគ្រប់វិស័យដែលផ្ទុយពីរបបអតីតកាលមានតែឈាមនិងទឹកភ្នែក។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណនិងដឹងគុណដល់សមាជិក សមាជិកាទាំងអស់នៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ទាំងអស់ដែលបានបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងសូមបន្តខិតខំផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋ
ឲ្យបានល្អស្គាល់សុខទុក្ខរបស់ប្រជាពលរដ្ឋឲ្យបានច្រើនអាចដោះស្រាយសភាពការទាន់ពេលវេលា និងច្បាស់លាស់ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ រួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។
ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានផ្តាំផ្ញើដល់សមាជិក សមាជិកា ទាំងអស់ត្រូវត្រៀមឯកសារជូនក្រុមគ្រួសារឲ្យបានរួចរាល់និងអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីបន្តសន្តិភាពនិងការអភិវឌ្ឍឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងគាំទ្រសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៅអាណត្តិទី៦ ទី៧ និងអាណត្តិក្រោយៗទៀត។