ឯកឧត្ដម អ៊ុយ សំអាត នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានចុះទូកទៅសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដើម្បីសម្រាលដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់


ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០១៨ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានចាត់ឯកឧត្ដម អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានចុះទូកទៅសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដើម្បីសម្រាលដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់សរុបចំនួន ៦៧គ្រួសារ នៃភូមិទាំង ៤ ក្នុងសង្កាត់ស្រះឬស្សីចំនួន៣០គ្រួសារ នៅចំនុចទីទួលសុវត្ថិភាពរបស់សង្កាត់ស្រះឬស្សី និង សង្កាត់សាមគ្គី ចំនួន ៣៧គ្រួសារ នៅសាលាសង្កាត់សាមគ្គី ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដល់បងប្អូនដែលរងគ្រោះដោយសារទឹកជំនន់ និងសូមថែទាំសុខភាពឱ្យបានល្អ ដោយត្រូវហូបទឹកឆ្អិន គេងក្នុងមុងជានិច្ច សូមមើលថែ ចាស់ជរា និងកូនតូចៗឱ្យបានល្អជៀសវាងគ្រោះថ្នាក់ដោយយថាហេតុផ្សេងៗ។

គ្រួសារទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តជ្រះថ្លា ជួយដល់ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលាដោយគ្មានការរើសអើងពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ សារុង១ ក្រមា១ និងភួយ១។