ខេត្តមណ្ឌលគិរី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦–ក្នុងឱកាសបំពេញបេសកកម្មនៅលើទឹកដីនៃ ខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលអមដំណើរដោយមន្ត្រីអ្នកមុខអ្នកការ បានអញ្ជើញទៅ ពិនិត្យវឌ្ឍនភាព និងសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស នៅសាលារៀនចំនួនពីរ កន្លែងក្នុងទីរួម ខេត្តមណ្ឌលគិរី ដែលក្នុងនោះមានវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី និងសាលាបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ។
នៅឯវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានទទួល បដិសណ្ឋារកិច្ច គោរពស្វាគមន៍យ៉ាងរាក់ទាក់ ចំពោះវត្តមានដ៏ថ្លៃថ្លារបស់សម្តេច ដែលបានចំណាយពេល វេលាដ៏មានតម្លៃ អញ្ជើញមកសួរសុខទុក្ខ និងចង់ដឹងអំពីតម្រូវការនានា និងបញ្ហាប្រឈមដែលត្រូវធ្វើការដោះ ស្រាយបន្ត។ ជាមួយនឹងភាពរីករាយរបស់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានមើលឃើញ អំពីកង្វះខាត ហើយបានឆ្លើយតបតាមសំណូមពរ របស់គ្រូបង្រៀន សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ដោយបានដោះស្រាយ ផ្តល់ជូន បន្ថែមនូវ អគារសិក្សាថ្មី១ខ្នង ២ជាន់ ស្មើនឹង១២បន្ទប់ អគារស្នាក់នៅរបស់គ្រូ ១ខ្នង២ជាន់ ១០ បន្ទប់ និងជួសជុលតារាងបាល់ទាត់ផងដែរ។
បន្ទាប់មក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានបន្តដំណើរអញ្ជើញ ទៅសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ ស្ថិតភូមិកណ្ដាល សង្កាត់ស្ពាន មានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នៅទីនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្តល់ជូន អគារចំនួន២ខ្នង រួមមានអគារ សិក្សាថ្មី១ខ្នង ២ជាន់ ស្មើនឹង ១២បន្ទប់ និងទីចាត់ការ១ខ្នងមាន ៣បន្ទប់។
នៅថ្ងៃដដែលនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏ បានឆ្លៀតជួបសំណេះសំណាលលើកទឹកចិត្តយុវតី អ៊ីវ ស្រីលីន សិស្សជ័យលាភីដែលប្រឡងជាប់និន្ទេសA ម្នាក់ក្នុងឆ្នាំ ២០១៦ នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ក្នុងខេត្តមណ្ឌលគិរី។ សម្តេចតេជោ នាយក រដ្ឋមន្រ្តី អបអរសាទរក្មួយៗ សិស្សានុសិស្សដែលបានប្រឡងជាប់ ទាំងអស់នៅទូទាំងប្រទេស និងសម្តែងការសោកស្តាយចំពោះក្មួយៗដែលប្រឡងមិនជាប់។
សូមក្មួយៗកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្រសារឡើងវិញដើម្បីប្រឡងនៅឆ្នាំក្រោយទៀត។ សម្តេចតេជោតែងតែយកចិត្តទុកដាក់ជំរុញការអប់រំដើម្បីក្មួយៗមានឱកាសបានសិក្សា ចាប់តាំងពីទីក្រុង រហូតដល់ជនបទស្រុកស្រែចម្ការ។
សូមបញ្ជាក់ថា សិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនិទេ្ទសA ទាំងអស់ក្នុងឆ្នាំ២០១៦នេះ នឹងត្រូវ ជួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០១៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។
នេះជាខេត្តទី១៨ហើយ នៃបេសកកម្មជាប្រវត្តិសាស្ត្ររបស់សម្តេច ក្នុងការអញ្ជើញចុះពិនិត្យដោយផ្ទាល់ អំពីវឌ្ឍនភាព នៅពាក់កណ្តាលអាណត្តិ ជាពិសេសបានអញ្ជើញសួរសុខទុក្ខ ស្វែងយល់អំពីផលវិបាក បញ្ហា ប្រឈមដែលនៅសេសសល់ និងត្រូវធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ជាបន្ត៕