ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ក្រោយពី ដំណើរការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនីតិកាលពី៦ កាលពីថ្ងៃទី ២៩ ខែ កក្កដាឆ្នាំ ២០១៨ ដំណើរការដោយរលូន


ភ្នំពេញ ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ក្រោយពី ដំណើរការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនីតិកាលពី៦ កាលពីថ្ងៃទី ២៩ ខែ កក្កដាឆ្នាំ ២០១៨ ដំណើរការដោយរលូន បានធ្វើឲ្យពួកប្រឆាំងទាំងក្នុង និងក្រៅប្រទេសកប់យោបល់ហើយទ័លច្រករក ពាក្យអ្វីត្រឹមត្រូវមកនិយាយ មិនបានទាល់តែសោះ មានតែនិយាយដោយបំពាននិងរំលោភការពិត។

ឯកឧត្តម សុខ ឥសាន បានលើកឡើងតាមបណ្ដាញទំនាក់ទំនង សង្គមតេឡេក្រាមនៅថ្ងៃទី៣១ កក្កដានេះ ដោយលើកយកហេតុផលចំនួន៨ចំណុច មកពន្យល់រួមមាន៖១- អត្រាអ្នកទៅបោះឆ្នោត ខ្ពស់គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ។ ២- ប្រជាជន ទូទៅមានការភ្ញាក់រលឹកនាំគ្នាធ្វើដំណើរ ទៅការិយា ល័យបោះឆ្នោតមុនពេលម៉ោងការិយាល័យ បើកទ្វារ និងមានរបៀបរៀបរយ ។៣- ដំណើរការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់សាធារណៈល្អ គួរកត់សម្គាល់ក្រៃលែង ។៤- លទ្ធផលបោះ ឆ្នោតមានអត្រាខ្ពស់ គួរជាទីរីករាយ ប្រជាជនកម្ពុជា ជាង ៨២%បានបោះឆ្នោត  ។ ច្រើនជាងការ បោះឆ្នោតនៅសហរដ្ឋអាមេរិកដែលមានតែប្រមាណ ជាង ៥០ %ប៉ុណ្ណោះ អ្នកទៅបោះឆ្នោត ។

៥- គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រពីប្រជាជន ជាង ៧៧ %នៃអ្នកបោះឆ្នោត ផ្ទុយពី ប្រធានាធិបតីប្រទេសខ្លះ មានការគាទ្រតែជាង ២៥ %ប៉ុណ្ណោះ ។ ៦- សភាពការណ៍ទូទៅ ស្ងប់ស្ងាត់ល្អ គ្មានអំពើហិង្សា គ្មានផ្ទុះអាវុធ គ្មានចោរលួច ប្លន់ គ្មានអគ្គីភ័យ គ្មានគ្រោះថ្នាក់ចរាចរណ៍  គ្មានមនុស្ស ស្លាប់ របួស  ។ ៧- អ្នកសង្កេតការណ៏ជាតិ និងអន្តរជាតិ សុទ្ធតែវាយតម្លៃខ្ពស់ចំពោះបរិយាកាសបោះ ឆ្នោតល្អជាងបណ្តាប្រទេស រួមទាំងប្រទេសមហាអំណាចផង។ គ្មានបាតុភាពជ្រៀតជ្រែកពីប្រព័ន្ធ បច្ចេកវិទ្យាទំនើបចូលលុកលុយ ក្នុងការបោះឆ្នោតនៅកម្ពុជា ដូចនៅប្រទេសខ្លះនោះទេ ។៨- គ្មានបាតុភាពរំខានពីពួកអគតិដែលប៉ុនប៉ងរំខាន និងធ្វើឲ្យរាំងស្ទះដល់ការបោះឆ្នោតឡើយ ។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងបន្ថែមថាចំពោះការវាយតម្លៃរបស់ពួកអគតិវិញគឺ

១-ការបោះឆ្នោតស្ថិតនៅក្នុងការគំរាមកំហែង នៅពេលដែលអត់មានការគំរាមកំហែងសោះ ។

២- ថាមានការភ័យខ្លាច នៅពេលដែលអត់មានការភ័យខ្លាចសោះ ។

៣- មានការបំប៉ោងចំនួនអ្នកបោះ នៅពេលដែលអ្នកបោះមានបរិមាណច្រើនពិត ។

៤-ថាមានការរំលោភសិទ្ធិមនុស្សតែការពិតអត់មានសោះ។ បើមានមែន ប្រាកដជាមិនមានមនុស្ស ទៅបោះឆ្នោតទេ ។

៥-ការវាយតម្លៃដោយគ្មានមូលដ្ឋានជាក់លាក់ ដោយសារអត់បញ្ជូនអ្នកសង្កេតការណ៏មកសង្កេតការណ៍​យកការពិត មិនអាចវាយតម្លៃបានដោយសត្យានុម័ត ។

សរុបមកពួកមជ្ឈដ្ឋានប្រឆាំងអស់ទឹកមាត់និយាយ ហើយទាំងអស់គ្នាបាន និងកំពុងបាត់ម្ចាស់ការយ៉ាង ខ្លាំង។

សូមរំលឹកថា តាមរយៈលទ្ឋផលបឋម នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាល ទី៦ កាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងទៅមានពលរដ្ឋទៅបោះឆ្នោត (៨២.៨៩%) នៃចំនួនអ្នកបោះ ឆ្នោតសរុប (៨,៣៨០,២១៧) និងមានគណបក្សនយោបាយចំនួន២០បានចូលរួម គឺបានបង្ហាញ ច្បាស់ថា ពលរដ្ឋកម្ពុជាច្រើនលើសលុបបំផុតគាំទ្រ ការបោះឆ្នោតតាមបែបលទ្ឋិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលជាបំណងប្រាថ្នាដ៏ធំបំផុតរបស់ពលរដ្ឋខ្មែរ ហើយដែលត្រូវបានចែងច្បាស់នៅ ក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ៕