លោក ចាន់ ស៊ីណាត បានដឹកនាំក្រុមបេសកកម្ម ADB ចុះធ្វើការត្រួតពិនិត្យលើប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង និងស.ក.ប.ទ


ថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៨ នេះ លោក ចាន់ សីុណាត អគ្គនាយករងកិច្ចការបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមបេសកកម្ម ADB ក្រុមការងារអ្នកបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ក្រុមជំនាញការ ADB ប្រចាំក្រសួងធនធានទឹក និងឧតុនិយម ប្រធានមន្ទីុរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះធ្វើការត្រួតពិនិត្យលើប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង និងស.ក.ប.ទ ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំងជាប្រព័ន្ធធារាសាស្រ្តមានលក្ខណៈគ្រប់ជ្រុងជ្រោយ (Complete Irrigation Systems) ដែលមានផ្ទៃដីស្រោចស្រព ១២.០០០ ហត ធ្វើបាន ៣ ដង ក្នុង ១ ឆ្នាំ ។ ដែលពីមុននេះក្នុងតំបន់នេះគឺតំបន់ព្រៃរបស់បោះបង់ចោលផលិតមិនកើត ។ ការងារក្នុងប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង រួមមាន ការជួសជុលស្តារឡើងវិញលើប្រព័ន្ធប្រឡាយមេ ប្រព័ន្ធប្រឡាយរងទី ២ ប្រព័ន្ធប្រឡាយរងទី ៣ និងប្រឡាយរងជើងក្អែប និងផ្លូវខ្វាត់ខ្វែងចូលទៅកាន់គ្រប់កន្លែងទាំងអស់ក្នុងប្រព័ន្ធធារាសាស្រ្ត ដែលមានប្រវែងសរុបចំនួន ៥២ គម សំណង់សិល្បការធំតូចគ្រប់យ៉ាងមានចំនួន ៦៤៧ កន្លែង និងការរៀបចំបង្កើតសហគមន៍កសិករប្រើប្រាស់ ចំនួន ០១ ។ ក្រោយការពិនិត្យ ADB បានធ្វើការកោតសរសើរដល់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្មទំនើបគ្រប់យ៉ាងទាំងអស់ មកអនុវត្តការសាងសង់ និងធ្វើទំនើបកម្មក្នុងតំបន់ប្រព័ន្ធធារាសាស្រ្ត តាំងក្រសាំង ដោយបានអនុវត្តបានត្រឹមត្រួវតាមនិតិវិធីរបស់ ADB និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។