ឯកឧត្តម សុខ ឥសាន បានអះអាងថា ការដោះលែងជនជាប់ចោទ មួយចំនួន ជាស្មារតីបង្រួបបង្រួមជាតិ របស់ថ្នាក់ដឹកនាំប្រទេស


ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្ស ប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានអះអាងថា ការដោះលែងជនជាប់ចោទ មួយចំនួន ជាស្មារតីបង្រួបបង្រួមជាតិ របស់ថ្នាក់ដឹកនាំប្រទេស។
តុលាការបានដោះលែងជនជាប់ចោទ មួយចំនួន ដូចជាលោក គឹម សុខ អ្នកវិភាគសង្គម , លោកស្រី ទេព វន្នី អតីតសកម្មជនដីធ្លី និងសហការី៣នាក់ ព្រមទាំងអតីតបុគ្គលិក វិទ្យុអាស៊ី សេរី២នាក់ កាលពីប៉ុន្មានថ្ងៃមកនេះ ជាបន្តបន្ទាប់ ដែលធ្វើឲ្យភាគី ពាក់ព័ន្ធសាទរជាខ្លាំង។
ឯកឧត្តម សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ថា “ការដោះលែង ជនជាប់ ចោទមួយចំនួន គឺជាស្មារតីបង្រួបបង្រួមជាតិ នៃថ្នាក់ដឹកនាំប្រទេស ជាឆន្ទានុសិទ្ធិ និងនីតិវិធី របស់តុលាការ ហើយវាគ្រាន់តែគាប់ ជួនពេលវេលាតែប៉ុណ្ណោះ មិនមែនការដោះលែង បានមកដោយសារ មានគំនាបណាមួយពីខាងក្រៅ ឬដោយការតស៊ូ របស់មជ្ឈដ្ឋាន ប្រឆាំងណាមួយឡើយ” ។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យគណបក្ស កាន់អំណាច ក៏បានសំណូមពរអ្នកវិភាគទាំងគ្រហស្ថ ទាំងបុព្វជិត កុំឆ្លៀតយកការបាននៅក្រៅ ឃុំបណ្តោះអាសន្ន និងការដោះលែងអ្នកជាប់ចោទ ធ្វើជាប្រធានបទ វាយប្រហារមកលើការអនុវត្តច្បាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ហើយជៀសវាងការនិយាយញុះញង់ ដែលនាំឲ្យ បែកបាក់ជាតិឲ្យសោះ៕