ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងថា បើអាមេរិកធ្វើការគំរាមកំហែងបិទការអនុគ្រោះពន្ធ មិនឲ្យកម្ពុជានាំទំនិញចូលទៅនោះ មិនមែនខាតតែកម្ពុជាទេ សូម្បីតែអាមេរិកខ្លួនឯងផ្ទាល់ ក៏ខាតដែរ


ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានមតិប្រឆាំងមួយចំនួន ដែលកំពុងធ្វើសកម្មភាពនៅក្រៅប្រទេស ដែលប្រឆាំងកម្ពុជាបានលើកឡើងថាសហរដ្ឋអាមេរិកបានប្រកាស គំរាមបិទការអនុគ្រោះពន្ធកម្ពុជា ប្រសិនបើមិនដោះលែងលោក កឹម សុខា និងពង្រឹងលទ្ធិប្រជាធិបតេយ្យទេ ប៉ុន្តែអ្នកនាំពាក្យគណប្រជាជនកម្ពុជា (ប្រ.ជ) ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងថា បើអាមេរិកធ្វើការគំរាមកំហែងបិទការអនុគ្រោះពន្ធ មិនឲ្យកម្ពុជានាំទំនិញចូលទៅនោះ មិនមែនខាតតែកម្ពុជាទេ សូម្បីតែអាមេរិកខ្លួនឯងផ្ទាល់ ក៏ខាតដែរ ព្រោះប្រជាជនអាមេរិកក៏ចង់បានទំនិញមានតម្លៃថោកដែរ។

ប៉ុន្តែបើតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី ២៣ ខែមីនា ២០១៨ បានចុះហត្ថលេខាលើច្បាប់ស្តីពី Consolidated Appropriations Act, 2018 ដើម្បីបន្តឡើងវិញនៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដោយភ្ជាប់ជាមួយការធ្វើប្រតិសកម្មពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ ដល់ដំណាច់ខែធ្នូ ឆ្នាំ ២០២០ ក្នុងនោះក៏មានកម្ពុជាមួយផងដែរ។

ឯកឧត្តម សួស  យ៉ារ៉ា បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលបោះឆ្នោតនីតិកាលទី៦ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ថា កម្ពុជាគឺជាប្រទេសដែលមានកម្លាំងពលកម្មថោក ដូច្នេះផលិតផលដែលបានធ្វើមកទាំងប៉ុន្មានក៏មានតម្លៃថោកដែរ។

ឯកឧត្តមបន្តថា “អីចឹងដូច្នេះ កាលដែលអាមេរិកធ្វើការគំរាមកំហែងវាមិនមែនខាតតែកម្ពុជាទេ អាមេរិកខ្លួនឯងក៏ខាត ព្រោះប្រជាជនគាត់មិនអាចទិញឥវ៉ាន់ខាតតទៅទៀតបាន ចឹងដូច្នេះកុំភ័យច្រើនពេក “។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសមួយដែលបានឆ្លងកាត់ឧបសគ្គជាច្រើនទម្រាំតែបានដូចសព្វថ្ងៃព្រោះកម្ពុជាបានឆ្លងកាត់ភាពក្រីក្រជាប្រទេសចូលក្នុងដំណាក់កាល មានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយកម្ពុជាត្រូវបានចូលក្នុងប្រទេសមានលក្ខខណ្ឌមួយដែលត្រូវបានការអនុគ្រោះពន្ធពីបរទេស។

ឯកឧត្តម សួស  យ៉ារ៉ា អះអាងថា អ្នកដែលបានញុះញង់ឲ្យបរទេសបិទការអនុគ្រោះពន្ធ គ្រាន់តែជាចលនាមួយដើម្បីជាការឃោសនាអកុសលបំភ័យកម្ពុជាប៉ុណ្ណោះ។

ប្រព័ន្ធអនុគ្រោះពន្ធទូទៅ គឺជាប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មដែលអាមេរិកផ្តល់ឲ្យប្រទេសក្រីក្រជាច្រើននៅលើពិភពលោករួមមានកម្ពុជាផងដែរ។ តាមរយៈប្រព័ន្ធ GSP អាមេរិកបានអនុញ្ញាតឲ្យកម្ពុជានាំចេញទំនិញទៅទីផ្សារអាមេរិកដោយមិនគិតពន្ធគយលើទំនិញជាច្រើនមុខ។

កាលពីខែកក្កដាឆ្នាំ ២០១៦អាមេរិកបានសម្រេចថ្មីដោយ បញ្ចូលមុខទំនិញទាក់ទងនឹងការធ្វើដំណើរដែលផលិតនៅកម្ពុជាទៅក្នុងប្រព័ន្ធអនុគ្រោះពន្ធដែលអនុញ្ញាតឲ្យទំនិញមួយចំនួនដូចជា កាបូបយួរដៃ កាបូបស្ពាយ វ៉ាលិស កាតាប និងសម្ភារផ្សេងៗទៀតដែលទាក់ទងនឹងការធ្វើដំណើរ បានទទួលការរួចពន្ធគយពេលនាំចូលទៅអាមេរិក។

សូមរំលឹកថា កន្លងទៅអាមេរិកធ្លាប់បានប្រកាសបិទទិដ្ឋាការ និងបង្កក់ទ្រព្យសម្បត្តិ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា(ប្រ.ជ)ជាច្រើនរូប ព្រមទាំងមិនឲ្យធ្វើ VISA ទៅអាមេរិកជាដើម ។ ចំណែកឯសភាពអឺរ៉ុបវិញ ក៏បានប្រកាសផ្ដាចជំនួយមួយចំនួនមកកាន់កម្ពុជាផងដែរ៕