ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (ប្រ.ជ) ឯកឧត្តម ឈឹម ផលវរុណ បានអះអាងថា នៅសប្តាហ៍ក្រោយគណបក្ស កាន់អំណាច នឹងជួបពិភាក្សាជាមួយ គណបក្សនយោបាយដែលចូលរួមបោះឆ្នោត បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បានលើកឡើងកាលពីថ្ងៃ១៥ ខែសីហា ឆ្នាំ២០១៨ ថាសម្តេចនឹងបង្កើត វេទិកាជួបជាមួយតំណាងគណបក្សនយោបាយ ដែលមិនជាប់ឆ្នោតដើម្បី ពិភាក្សានូវចំណុចមួយចំនួន ដើម្បីធ្វើការអភិវឌ្ឍប្រទេសជាមួយគ្នា ។
ការប្រកាសរបស់សម្តេចតេជោនេះ បានទទួលការគាំទ្រ និងស្វាគមន៍ ពីគណបក្សដែលបាន ចូលរួមបោះឆ្នោតជាច្រើនបក្សផងដែរ។
ក្នុងសន្និសីទសាព័ត៌មាននាព្រឹកថ្ងៃទី១៦ សីហា នៅសណ្ឋាគារសូហ្វីទែល ឯកឧត្តម ឈឹម ផលវរុណ បានបញ្ជាក់ថា “យើងនឹងមាន ព័ត៌មានថ្មី គឺយើងនឹងមានជំនួបដំបូងជាមួយ គណបក្ស នយោបាយដែលមិនជាប់ឆ្នោត នៅក្នុងរដ្ឋសភា ហើយយើងនឹង ពិគ្រោះផ្លាស់ប្តូរមតិគ្នាឈាន ទៅដល់លទ្ធភាពបង្កើតយន្តការផ្លូវការ មួយដែលធ្វើការងារជាប្រក្រតីក្នុងការពិគ្រោះយោបល់ ប៉ុន្តែស្ថិតក្នុងក្របខណ្ឌសភាទេ”។
អ្នកនាំពាក្យក៏បានឲ្យដឹងថា ការជជែកគ្នាជាលើកដំបូងនេះ ក៏ពិភាក្សាដើម្បីរកលទ្ធភាពក្នុងការកំណត់ ពេលវេលាជួប ពិភាក្សាគ្នាជាទៀងទាត់ផងដែរ ។
ឯកឧត្តមថា “យើងនឹងពិភាក្សាគ្នាថា ជួបគ្នាប៉ុន្មានដង ក្នុងមួយខែ ឬ៣ដងក្នុងមួយខែជាមួយនាយករដ្ឋមន្ត្រី ហើយយើងជួបគ្នាយ៉ាងម៉េច យើងជជែកគ្នាលម្អិត។ ខ្ញុំជឿថាសប្តាហ៍ក្រោយបងប្អូន នឹងឃើញនៃការ បង្កើតយន្តការនេះ”។
សម្រាប់ការជួបគ្នានេះ ត្រូវបានឯកឧត្តម សុខ ឥសាន លើកឡើងថា តាមការរយៈការបោះឆ្នោតសមាមាត្រ គណបក្សដឹកនាំរដ្ឋាភិបាល គឺជាអ្នកយក កម្មវិធីនយោបាយខ្លួនផ្តាច់មុខ ដោយមិនយកកម្មវិធី នយោបាយរបស់ គណបក្សចាញ់ ឆ្នោតមកអនុវត្តទេ ។
ឯកឧត្តមគូសបញ្ជាក់ថា “យន្តការដែលរាជរដ្ឋាភិបាល មានគម្រោងជួបជាមួយ គណបក្សនយោបាយនេះ វាគ្រាន់តែដូចជាសម្លត្រូវ ថែមគ្រឿងដូចជា ខ្ទឹម ម្រេច ស្ករ ឲ្យមានរស់ជាតិឡើង ។ កុំឲ្យថា គណបក្សប្រជាជនយកកម្មវិធី នយោបាយរបស់គណបក្ស ផ្សេងមកធ្វើនោះមិនមែនទេ”៕