ឯកឧត្តម ពេជ្រ​ វាសនា បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង ចុះពិនិត្យស្ថានភាពទឹកនៅតាមដៃស្ទឹងសំខាន់ៗរបស់ស្ទឹងពោធិ៍សាត់​


ថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៨ នេះ ឯកឧត្តម ពេជ្រ​ វាសនា​ អគ្គនាយករងកិច្ចការរដ្ឋបាលក្រសួងធនធានទឺក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង ដោយ​សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពទឹកនៅតាមដៃស្ទឹងសំខាន់ៗរបស់ស្ទឹងពោធិ៍សាត់​ ដូចជា​ ស្ទឹងព្រៃខ្លុង,​ ស្ទឹងអារ៉ៃ​ និងស្ទឹងធំ ព្រមទាំងបានចុះពិនិត្យស្ថានភាពទឹកនៅតាម​ទីតាំងសំខាន់ៗតាមបណ្តោយស្ទឹងពោធិ៍សាត់​ ដូចជា​ ស្ថានីយវាស់ទឹក​បាក់ត្រកួន​,​ សំណង់ក្បាលហុងទឹក​ដំណាក់អំពិល,​ ស្ពានក្រុងពោធិ៍សាត់​ និងសំណង់ក្បាលហុងទឹកចារឹក ។ ជាក់ស្តែង​ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ ពុំមានអ្វីគួរឲ្យបារម្ភឡើយ ដោយកម្រិតកំពស់ទឹកនៅ ៖
១-ស្ថានីយបាក់ត្រកួន​ ទឹកមានកំពស់​ ១,៦៦ ម​ ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត​ ៦ ម )។
២-​ ស្ថានីយវាស់ទឹកក្រុងពោធិ៍សាត់​ ទឹកមានកំពស់​ ២,៧០ ម​ ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ៤.៩០ ម ) ។

ចំណែកការងារបង្កបង្កើនផលស្រូវវស្សា នៅទូូទាំងខេត្តពោធិ៍សាត់ សម្រេចបាន​ប្រមាណ ១១៧ % ហើយ ។

ឯកឧត្តម​ ពេជ្រ​ វាសនា​ ក៏បានណែនាំដល់មន្ទីរធនធានទឹក​ និងឧតុនិយមខេត្ត​ ឲ្យបន្តយកចិត្តទុកដាក់​ ​តាមដានស្ថានភាពទឹកភ្លៀង​ និងទឹកជំនន់​ ចាប់ពីពេលនេះទៅរហូតដល់ចុងរដូវវស្សា ក្នុងគោលបំណងបញ្ចៀស​ និងមានវិធាន​ការឲ្យបានទាន់ពេលវេលា​ ដើម្បីកាត់បន្ថយនូវគ្រោះ​មហន្តរាយបង្កឡើងដោយ​គ្រោះ​ទឹកជំនន់ទៅលើដំណាំ​ស្រូវ​ ក៏ដូចជាហេដ្ឋារចនា​សម្ព័ន្ធសាធារណៈក្នុងខេត្ត​ ព្រមទាំងពិនិត្យ​លទ្ធភាពក្នុងការរក្សាទឹកទុកសម្រាប់ស្រូវចុងរដូវវស្សា​ និងស្រូវប្រាំងខាងមុខ ។