ឯកឧត្តម សុខ ឥសាន ថា ជាធម្មតា បាតុភាពអសកម្ម ក្នុងសង្គមណា ក៏ដូចសង្គមណាដែរ មិនថានៅប្រទេសតូច ឬប្រទេសធំនោះទេ


ភ្នំពេញ៖ ថ្មីៗនេះជនជាតិចិន ដែលកំពុងមានវត្តមាន នៅកម្ពុជាបានបង្កបញ្ហាអសន្តិសុខជាខ្លាំង ប៉ុន្តែឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ជាធម្មតា បាតុភាពអសកម្ម ក្នុងសង្គមណា ក៏ដូចសង្គមណាដែរ មិនថានៅប្រទេសតូច ឬប្រទេសធំនោះទេ តែងតែមានចៀសមិនរួច ជាក់ស្ដែងនៅកម្ពុជា មិនមែនមានតែជនជាតិចិនទេ គឺគ្រប់ជាតិសាសន៍ទាំងអស់ ដែលជាអ្នកបង្កបាតុភាព អសកម្មនានា ។ ក្នុងនោះមន្ត្រីជាន់ខ្ពស់របស់ចិន បានលើកឡើងថា ប្រសិនបើជនជាតិចិន នៅកម្ពុជាបង្កបញ្ហា ត្រូវរាយការណ៍ទៅស្ថានទូតចិនប្រចាំកម្ពុជា ចូលរួមដោះស្រាយទាំងអស់គ្នា ។

ជាក់ស្ដែងកាលពីយប់ថ្ងៃទីទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៤៥៤ កែងនិងផ្លូវលេខ១២៣ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ជនសង្ស័យ ២នាក់ បានរងរបួសធ្ងន់ធ្ងរ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីនារីជនជាតិចិន ក៏ត្រូវនារីរូបនោះ បើករថយន្តដេញបុកផ្ទប់ នឹងជញ្ចាំងផ្ទះគេ បណ្តាលឲ្យក្អួតឈាម សង្ស័យតែមិនរស់ផង ។

ជាមួយគ្នានោះដែរកាលពីថ្ងៃទី១២ សីហា កំលាំងអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ សហការជាមួយកំលាំងនគរបាល ប៉ុស្តិ៍រដ្ឋបាល សង្កាត់៤ ឆ្មក់ឃាត់ខ្លួនជន សង្ស័យ ៧នាក់ ដែលបានដើចែកចែកខិតប័ណ្ណ ផ្សព្វផ្សាយការងារ ម៉ាស្សា បង្កប់ផ្លូវភេទ នៅតាមបន្ទប់ បឹងហ្គាឡូ​ ផ្ទះសំណាក់ ។

ឯកឧត្តម សុខ ឥសាន បានថ្លែងតាមរយៈបណ្ដាញ សង្គមតេឡេក្រាម នៅថ្ងៃទី១៤ សីហានេះថា “ដោយឡែក នៅប្រទេសកម្ពុជា បាតុភាពអសកម្មពី ជនល្មើសច្បាប់ក៏មានជាហូហែ ដែលលេចចេញពីក្រុមជនអនាធិបតេយ្យមួយចំនួន គ្រប់ជាតិសាសន៍ដែលកំពុងរស់នៅក្នុងប្រទេសមិនចំពោះតែជនជាតិណាមួយឡើយ” ។

ឯកឧត្តមបន្តថា ការនិយាយដាក់បន្ទុកតែ ទៅលើជាតិសាសន៍ណាមួយ ដូចជាជនជាតិចិន និងវៀតណាមជាដើម វាគ្រាន់តែមានគំនិតរើសអើង ជាតិសាសន៍តែប៉ុណ្ណោះ ។ ពួកម៉ាហ្វីមិនមែនមានតែចិន និងវៀតណាមទេ ពួកជនជាតិមកពីអឺរ៉ុប ក៏មានសមាសភាពមិនល្អដែរ តែដោយសារខួរក្បាល ប្រកបដោយការរើសអើង ជាតិសាសន៍មិនត្រូវគេ លើកយកមកនិយាយឡើយ ។

ឯកឧត្តមបន្ថែមថា ថ្ងៃមុន មានបញ្ញើមកពីប្រទេសអាល្លឺម៉ង បង្កប់ដោយគ្រឿងញៀនជិត ១០០គីឡូក្រាម តែគេបែរជាចាប់អារម្មណ៍ និងសង្កត់ធ្ងន់តែទៅលើជនជាតិចិនម្នាក់ ដែលទៅទទួលយកបញ្ញើនោះ នៅភ្នំពេញទៅវិញ ដោយភ្លេចគិតពីបណ្តាញពាក់ព័ន្ធ និងពួកម៉ាហ្វីយ៉ានៅអឺរ៉ុបទៅវិញ ។

ឯកឧត្តមគូសបញ្ជាក់ថា បើការវិភាគ ឬការសន្និដ្ឋានបែប លំអៀងយ៉ាងដូច្នេះ នោះនឹងរកការពិតមិនឃើញឡើយ ។

អគ្គនាយកនៃអគ្គនាយកដ្ឋាន កិច្ចសហប្រតិបត្តិការអន្តរ ជាតិនៃក្រសួងសន្តិសុខ នៃសារធារណរដ្ឋប្រជាមានិតចិន លោក លាង ជីងរ៉ុង (LIAO JINGRONG) ធ្លាប់បានស្នើសុំឲ្យកងកម្លាំង អនុវត្តន៍ច្បាប់របស់កម្ពុជា ចាត់វិធានការណ៍ចំពោះ ជនជាតិទាំងឡាយណា ដែលបានប្រព្រឹត្តិខុសច្បាប់ខុសប្រពៃណី ទំនៀមទម្លាប់របស់កម្ពុជា ដោយពុំមានការយោគយល់ ។

ឯកឧត្តមក៏បញ្ជាក់ជំហរថា “អ្នកវិនិយោគចិននៅមកម្ពុជា ត្រូវតែគោរពតាមច្បាប់ប្រពៃណី ទំនៀមទំលាប់របស់កម្ពុជា ប្រសិនបើមានអ្នកប្រព្រឹត្តិខុសច្បាប់ ខុសប្រពៃណីកម្ពុជា សុំឲ្យកងកម្លាំង អនុវត្តន៍ច្បាប់មានសមត្ថកិច្ចរបស់កម្ពុជា អនុវត្តន៍ឲ្យបានម៉ឺងមាត់ មិនមានការយល់យោគថា មិត្តភ័ក្តិ បងប្អូនមកពីចិននោះទេ”។

ជាមួយគ្នានោះដែរ លោក ជីង៉រុង ក៏បានស្នើដល់ភាគីកម្ពុជា ដោយសារអ្នកវិនិយោគចិនមកច្រើន ដូច្នេះកងកម្លាំងមានសមត្ថកិច្ចកម្ពុជា ជួយរក្សាសុវត្ថិភាព ដើម្បីបង្កលក្ខណៈដល់ការវិនិយោគ ដើម្បីរួមចំណែកគ្នាក្នុងការអភិវឌ្ឍន៍ ។

ពាក់ព័ន្ធនឹងបញ្ហានារីជនជាតិចិន បើករថយន្តដេញបុកជនសង្ស័យ ជាចោរឆក់ទូរស័ព្ទនេះដែរ ត្រូវប្រជាពលរដ្ឋរស់ នៅក្បែរកន្លែងកើតហេតុ លើកឡើងថា ករណីនេះដូចមិនទំនងសោះ ហើយក៏បានស្នើសុំ តាមរយៈគ្រប់បណ្ដាញសារព័ត៌មានទាំងអស់ឲ្យសមត្ថកិច្ចជំនាញមេត្តា​បើកការស្រាវជ្រាវឲ្យបាន​លម្អិត​ បើអាចសុំឲ្យសមត្ថកិច្ចធ្វើ​សន្និសីទ ​សារព័ត៌មាន​បង្ហាញឲ្យពលរដ្ឋ​បានដឹងច្បាស់ពាក់ព័ន្ធករណីនេះម៉្យាងទៀតថ្វីបើជនជាតិចិននោះជាអ្នករងគ្រោះក៏ដោយ តែក្នុងនាមជាជនបរទេស​ ​ពួកគេត្រូវមានប័ណ្ឌ​សំគាល់​ ឬលិខិតស្នាមអ្វី ដែលច្បាប់អនុញ្ញាតិ ​អាចបើករថយន្តដោយសេរីបែប​នេះ​ ៕