ក្នុងដំណើរបំពេញបេសកកម្មចេញពីខេត្តរតនគីរី ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែងជាបន្តទៀតនោះ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចុះពិនិត្យនិងជួប សំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សាត្រពាំងក្រហម ស្ថិតក្នុងភូមិ៣ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគីរី។
នៅក្នុងឱកាសនោះ សម្តេចបានផ្តល់ ១-អគារសិក្សា១ខ្នង កម្ពស់២ជាន់ ស្មើនឹង ១២បន្ទប់ ទីចាត់ការ១ខ្នង ស្មើនឹង៣បន្ទប់ និងអាគារស្នាក់នៅសម្រាប់គ្រូ និងសិស្សចំនួន២ខ្នង ដែលក្នុង១ខ្នង កម្ពស់២ជាន់មាន១០បន្ទប់ (សរុប២០បន្ទប់) ជូនវិទ្យាល័យត្រពាំងក្រហម។ ២-អគារសិក្សា១ខ្នង កម្ពស់២ជាន់ស្មើនឹង១២បន្ទប់ ជួសជុលអគារចាស់ៗ និងចាក់ផ្លូវបេតុង ចូលបឋមសិក្សាត្រពាំងក្រហម។ ៣-ទីចាត់ការ១ខ្នង ស្មើនឹង៣បន្ទប់ ជូនអនុវិទ្យាល័យត្រពាំងក្រហម។ ដោយឡែកតាមការស្នើ សុំរបស់នាយកបឋមសិក្សាតាអង ស្ថិតក្នុងភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានផ្តល់ជូនអគារសិក្សា១ខ្នង ស្មើនឹង៦បន្ទប់ផងដែរ។