រសៀកថ្ងៃ ២៧ ខែ សីហា ឆ្នាំ២០១៨ នៅស្នងការដ្ឋានខេត្តរតនគិរីមានរៀបចំពិធីប្រគល់រថយន្តពន្លត់អគ្គីភ័យចំនួន ៦គ្រឿងជូនការិយាល័យជំនាញ នឹងអធិការនគរបាលស្រុកចំនួន៤ ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលខេត្ត ព្រមទាំងមានការអញ្ឆើញចូលរួមពីរសំណាក់អស់លោកលោកស្រី ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តក៏មានវត្តមានក្នុងនេះផងដែរ ។
លោកឧត្តមសេនីយ៍ទោ
ងួន គឿន ស្នងការនគបាលខេត្តបានអោយដឹងថា រថយន្តពន្លត់អគ្គីភយថ្មីស្រឡាងទាំង ៦គ្រឿងនេះគឺទទួលបានពីសំណាក់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃផ្តល់ជូនខេត្តរតនគិរីសំរាប់ដាក់ពង្រាយនៅតាមតំបន់សំខាន់ៗរបស់ខេត្ត ក្នុងគោលដៅបង្ខិតសេវាពន្លត់អគ្គីភ័យអោយខិតជិតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋបន្ថែមទៀត សំដៅឆ្លើយតបទាន់ពេលវេលានូវសំណូមពរចេញពន្លត់អគ្គីភ័យដែលអាចកើតឡើងនៅគ្រប់ទីកន្លែង ទាំងនៅទីប្រជុំជន នឹងទីជនបទដែលបង្ករផលប៉ះពាល់ដល់លំនៅដ្ឋាន និងការរស់នៅរបស់ប្រជាពលរដ្ឋ ។
លោកឧត្តមសេនីយ៍ទោ បន្តថានេះជាលើកទី២ហើយបន្ទាប់ពីលើកទី១ស្នងការដ្ឋាននគបាលខេត្តបានទទួលរថយន្តពន្លត់អគ្គីភ័យចំនួន ៤គ្រឿង ពីរក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ដែលបានបែងចែកដាក់ពង្រាយនូវស្រុកចំនួន៤រួចហើយ រួមមាន៖ ស្រុកបកែវ អណ្តូងមាស វើនសៃ និងស្រុកកូនមុំ ។ លើកនេះរថយន្តពន្លត់អគ្គីភ័យ ៦គ្រឿងបន្ថែមទៀត ត្រូវដាក់ពង្រាយនៅស្រុកចំនួន៤ទៀតដែលនៅខ្វះគឺ ស្រុកអូយ៉ាដាវ អូរជុំ លំផាត់ និងស្រុកតាវែង នឹង២គ្រឿងទៀតដាក់នៅស្នងការដ្ឋាននគបាលខេត្តសំរាប់ទទួលខុសត្រូវក្នុងក្រុងបានលុង ដែលជាមជ្ឍមណ្ឌលនឹងជាទីប្រជុំជនធំរបស់ខេត្ត ។
មានប្រសាសន៍សំណេះសំណាលជាមួយនាយនិងពលនគបាលដែលមកទទួលយករថយន្តពន្លត់អគ្គីភ័យនាពេលនេះ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានថ្លែងអំណរអគុណយ៉ាងជ្រាវជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ជានិច្ចកាលសម្តេចបានយកចិត្តទុក្ខដាក់គិតគូរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ធ្វើអោយប្រជាពលរដ្ឋរស់នៅមានសន្តិសុខ សុវត្តិភាព នឹងប្រទេសជាតិមានការរីកចំរើន ។
ឯកឧត្តមអភិបាលខេត្តបន្តថា រថយន្តពន្លត់អគ្គីភ័យទាំងអស់នេះនឹងមានសមត្ថភាព នឹងលទ្ធិភាពក្នុងការចេញពន្លត់អគ្គីភ័យជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះសំបែងជាដើម ។ ហើយថ្វីត្បិតរថយន្តពន្លត់អគ្គីភ័យលើកនេះត្រូវបានដាក់ពង្រាយគ្រប់ស្រុក ប៉ុន្តែមន្រ្តីនគបាលជំនាញពន្លត់អគ្គីភ័យទាំងអស់ត្រូវចង់ចាំថាអគ្គីភ័យជាបាតុភាពមិនរើសមុខ អគ្គីភ័យកើតឡើងតែងតែខូចខាត អគ្គីភ័យយើងអាចជៀសវាងបានតាមរយះការបង្ការដែលគ្រប់ភាគីពាក់ព័ន្ធនឹងមនុស្សទាំងអស់ត្រូវចូលរួម ។ ឯកឧត្តមក៏បានផ្តាំផ្ញើរដល់មន្រ្តីនគបាលជំនាញពន្លត់អគ្គីភ័យដែលមកទទួលរថយន្តនាពេលនេះខិតខំថែរក្សាក្នុងការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យនឹងឧបករសំភារះអោយធានាគុណភាពប្រើប្រាស់បានយូរអង្វែងដើម្បីមានលទ្ធភាពបំរើសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ជាមួយគ្នានេះត្រូវចូលរួមបំផុសចលនាមហាជនអោយមានការចូលរួមបង្ការអគ្គីភ័យនៅគ្រប់មូលដ្ឋាន នឹងពង្រឹងការអនុវត្តន៍វិធានការជំនាញក្នុងការបង្ការ នឹងពន្លត់អគ្គីភ័យ ។
សូមបញ្ឆាក់ថារថយន្តពន្លត់អគ្គីភ័យនេះជាប្រភេទISUZUម៉ាក់FTRផលិតឆ្នាំ២០១៧ នៅប្រទេសចិនជារថយន្តថ្មីគុណភាព១០០%ដែលផ្ទុកទឹកចំនួន៦.០០០លីត្រ ក្នុងនោះទឹក៤.០០០លីត្រ និងសាប៊ូ២.០០០លីត្រ ហើយកម្លាំងបាញ់ទឹកបានចម្ងាយ៦០ម៉ែត្រ និងបាញ់បានកម្ពស់ផ្ទះ៨ជាន់ ៕