ឯកឧត្តម សុខ ឥសាន តបទៅលោក សម រង្ស៊ី ដែលដាក់លក្ខខណ្ឌមួយចំនួនមករាជរដ្ឋាភិបាល


Share
Tweet
Share
Email
Comments

ភ្នំពេញ៖ ក្រោយពីមានការដោះលែង អ្នកទោសអ្នកនយោបាយ ជាបន្តបន្ទាប់ លោក សម រង្ស៊ី បែរជាដាក់លក្ខខណ្ឌមួយចំនួន មកកាន់រាជរដ្ឋាភិបាលទៅវិញ ដើម្បីឲ្យបក្សខ្លួនរស់ឡើងវិញ និងអ្នកនយោបាយទាំង ១១៨រូប មានសិទ្ធិធ្វើនយោបាយ និងលក្ខខណ្ឌមួយចំនួនទៀត ប៉ុន្តែឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានថ្លែងតបទៅវិញថា លក្ខខណ្ឌទាំងប៉ុន្មាន ដែលអតីតមេបក្សប្រឆាំងលើកឡើងនេះ គឺមិនអាចធ្វើតាមការចង់ បានរបស់គាត់នោះទេ ។

លក្ខខណ្ឌដែលលោក សម រង្ស៊ី ស្នើទៅសម្តេចតេជោហ៊ុន សែន រួមមាន ៖ យល់ព្រមឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ , អនុញ្ញាតិឲ្យថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ១១៨ រូប មានសិទ្ធិធ្វើសកម្មភាពនយោបាយ ពេញលេញដូចមុន , ទម្លាក់ចោលការចោទប្រកាន់ ទាំងអស់មកលើថ្នាក់ដឹកនាំ និងសកម្មជនគណបក្ស សង្គ្រោះជាតិទាំងអស់ ព្រមទាំងមន្ត្រីសង្គមស៊ីវិល និងអ្នកសារព័ត៌មានទាំងអស់ , ប្រគល់សងតំណែង សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យទៅសកម្មជនគណបក្ស សង្គ្រោះជាតិជាង ៥ពាន់នាក់ ដែលបានជាប់ឆ្នោតក្នុងការបោះឆ្នោត ឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០១៧ និងរៀបចំការបោះឆ្នោតព្រឹទ្ធសភា និងរដ្ឋសភាឡើងវិញ។

ឯកឧត្តម សុខ ឥសាន បានលើកឡើងនៅតាម បណ្តាញតេឡេក្រាម នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ថា នៅពេលឃើញការលើកលែងទោសដល់ជនជាប់ចោទ និងទណ្ឌិតមួយចំនួន ដោយព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រកម្ពុជា តាមសំណើទូលថ្វាយ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជាបែរជាទណ្ឌិត សម រង្ស៊ី ដែលមានទោសជាប់ខ្លួន បានដាក់លក្ខខណ្ឌមកលើ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅវិញ ។

ឯកឧត្តម​តបថា ចំពោះអតីតបក្សសសង្រ្គោះជាតិ បានស្លាប់បាត់ទៅហើយ តាមសាលដីកាស្ថាពរ របស់តុលាការកំពូល មិនអាចរស់មកវិញជាដាច់ខាត ។ ចំណែកមន្ត្រី១១៨ រូបនៃអតីតបក្សប្រឆាំង មិនអាចមកធ្វើសកម្មភាព នយោបាយបានក្នុងរយៈពេលតិចជាង៥ បើគ្មានពិរុទ្ធភាពថ្មីទៀតទេ លុះត្រាតែដល់ឆ្នាំ២០២៣ ទើបអាចធ្វើសកម្មភាព នយោបាយដូចដើមវិញបាន ។

សម្រាប់អ្នកដែលបាន ប្រព្រឹត្តល្មើសច្បាប់ និងលទ្ធិប្រជាធិបតេយ្យ នឹងនៅតែទទួលខុសត្រូវ ចំពោះមុខច្បាប់ដដែល ។ ក្នុងតួនាទី និងតំណែងរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ៥០០៧ នាក់នោះ ត្រូវបានបែងចែកតាមគោលការណ៍ ច្បាប់អស់ហើយ មិនអាចរស់ឡើងវិញជាដាច់ខាត ។ ដោយឡែកការស្នើឲ្យបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០១៨ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មិនអាចត្រឡប់ក្រោយវិញជាដាច់ខាត ទោះក្នុងករណីណាក៏ដោយ ។

លោកបញ្ជាក់ថា “ដូច្នេះការលើកឡើងរបស់ទណ្ឌិតសម រង្ស៊ី វាគ្រាន់តែជាការស្រមើស្រមៃ ដេកយល់សប្តិ ដែលមិនអាចក្លាយជាការពិតឡើយ និងជាដាច់ខាត” ៕