នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នេះអំណោយកាកបាទក្រហមកម្ពុជា នៅតែបន្តចែកជូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិ ជាបន្តទៅទៀត ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានកិត្តិយស សាខាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អមដំណើរដោយឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម
បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយកាកបាទក្រហម ចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ចំនួន២៣៤០ សរុប៦ភូមិ គ្រួសារ នៅឃុំខ្ពកតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ឯកឧត្ដម ហ៊ុន ណេង ប្រធានកិត្តិយសសាខាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទូក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិ ទឹកជំនន់ទាំងអស់ ហើយឯកឧត្តម ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើសុខភាព ដោយរក្សាអនាម័យ និងពិសារទឹកឆ្អិន ជានិច្ច និងត្រូវប្រុងប្រយ័ត្ន ចំពោះ សត្វអសិរពឹសទាំងឡាយ ប្រសិនបើ មានពស់ចឹក សូមប្រញាប់ប្រញាលបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បី ទទួលការព្យាបាល បានទាន់ពេលវេលា ។
ក្រៅពីនោះ ក៏ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាព កូន ចៅ តូចៗ កុំឲ្យលេងទឹក ដើម្បី បញ្ជៀសការលង់ទឹក ។ ដោយឡែក នៅពេលទឹកសម្រកទៅវិញ បងប្អូន ត្រូវត្រៀមនូវពូជធារ និងសហការជាមួយស្ថាប័នជំនាញ ដើម្បី ស្ដារលទ្ធភាពកសិកម្ម ឡើងវិញ ៕