ឯកឧត្តម ផៃ ស៊ីផាន៖ ដំណើរការនីតិវិធីតុលាការចប់ ទើបអាចដោះស្រាយ តាមផ្លូវនយោបាយបាន


ភ្នំពេញ៖ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ផៃ ស៊ីផាន ថ្លែងថា ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតជប៉ុន ធ្វើឡើងក្នុងនាមប្រទេសជាមិត្តម្នាក់ ។
ឯកឧត្តមបានបង្ហាញជំហថា ដំណើរការនិតីវិធីតុលាការចប់ ទើបអាចដោះស្រាយតាមផ្លូវ នយោបាយបាន ។ ជាមួយគ្នានោះដែរ ឯកឧត្តមថា គណបក្សកាន់អំណាច និងគណបក្សប្រឆាំង មិនមានបញ្ហាជាមួយគ្នាទេ បញ្ហាគឺបុគ្គល២នាក់ របស់បក្សប្រឆាំង ជាមួយតុលាការ ។ បុគ្គលទាំង២នាក់នោះ លោកសំដៅទៅកាន់ឯកឧត្តម សម រង្សី និងឯកឧត្តម កឹម សុខា ។ តាមលោក ផៃ ស៊ីផាន សារនយោបាយរបស់ ភាគីជប៉ុននេះ ដើម្បីឲ្យបក្សប្រឆាំង គិតឡើងវិញ ។
ឯកឧត្តម បញ្ជាក់ថា ”ចំពោះបញ្ហាគណបក្ស និងគណបក្ស មិនមានបញ្ហាទេ តែបក្សប្រឆាំងយកបញ្ហា បុគ្គលធ្វើជាប្រយោជន៍របស់បក្ស ។ នេះគឺជារឿងតុលាការដែលគ្មាន គណបក្សណា និងនាយករដ្ឋមន្រ្តី លូកដៃបានទេ ។ ទាល់តែតុលាការដោះស្រាយ ចប់ទើបយើងអាចដោះស្រាយ តាមក្រមខណ្ឌនយោបាយបាន ។ តែចំពោះខ្ញុំផ្ទាល់មិនចង់ឃើញ ការដោះស្រាយតាមនយោបាយ ដើម្បីបំបាត់ដំណើរការនីតិរដ្ឋ កម្ពុជាទេ យើងចង់ឃើញការ អនុវត្តន៍ច្បាប់ បុគ្គលធ្វើខុសទទួលទោសតែរឿង នយោបាយយើងធ្វើឡើងដើម្បជាតិ” ៕