ដល់ឆ្នាំ២០៣០ កម្ពុជាត្រូវការសណ្ឋាគារជាង ១០ម៉ឺន បន្ទប់នៅទូទាំងប្រទេស និងជាង៣ម៉ឺនបន្ទប់សណ្ឋាគារនៅខេត្តព្រះសីហនុ


ក្រសួងទេសចរណ៍បានបង្ហាញការព្យាករណ៍ថា នៅឆ្នាំ២០១៨ កម្ពុជានឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណ ៦,២ លាននាក់ និងនៅឆ្នាំ២០២០ ប្រមាណជាង ៧លាននាក់ ហើយដល់ឆ្នាំ២០៣០ នឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ និងទេសចរជាតិប្រមាណ១៣លាននាក់។ ដើម្បីឆ្លើយតបនឹង កំណើនភ្ញៀវទេសចរនេះ កម្ពុជាត្រូវការសណ្ឋាគារប្រមាណជាង ១០ម៉ឺនបន្ទប់ (សណ្ឋាគារប្រណិត លំដាប់ផ្កាយ ៤ និងផ្កាយ៥ ប្រមាណ៦០% ស្មើប្រមាណ៦មុឺនបន្ទប់) នៅទូទាំងប្រទេស ក្នុងនោះសម្រាប់ខេត្តព្រះសីហនុ ត្រូវការបន្ទប់សណ្ឋាគារជាង ៣ម៉ឺនបន្ទប់បន្ថែមទៀត (សណ្ឋាគារប្រណិតជាង២ម៉ឺនបន្ទប់) ដើម្បីឆ្លើយតបនឹងតម្រូវការកំណើនភ្ញៀវទេសចរអន្តរជាតិប្រមាណ ២លាននាក់ និងទេសចរជាតិប្រមាណ ៣លាននាក់នៅឆ្នាំ២០៣០។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញការព្យាករណ៍ដ៏គួរ ចាប់អារម្មណ៍នេះ ដល់វិនិយោគិនចិន និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ និងទូរទស្សន៍មកពីអគ្គនាយកដ្ឋានវិទ្យុ ភាពយន្ត និងទូរទស្សន៍ចិន នៅក្នុងពិធីបើកសម្ពោធ “សណ្ឋាគារព្រីនស៍ថាម Prince Times Hotel” និងការបើកដំណើរការថតខ្សែភាពយន្ត “ពន្លកស្នេហ៍រីកលើដីកម្ពុជា” នាល្ងាចពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារព្រីនស៍ថាម ខេត្តព្រះសីហនុ ដែលមានវត្តមានចូលរួមពីឯកឧត្តម យន់ មីនអភិបាលខេត្តព្រះសីហនុ លោក លី មីន អគ្គនាយកក្រុមហ៊ុន ព្រិន្ទស៍រៀលអេស្ទត (ខេមបូឌា )គ្រុប តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងផ្នែកជនក្នុងវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ។

ឯកឧត្តមរដ្ឋមន្ត្រី បង្ហាញការគាំទ្រចំពោះគម្រោងវិនិយោគលើវិស័យទេសចរណ៍ និងអំពាវនាវឲ្យមានការវិនិយោគបន្ថែមទៀតប្រកបដោយគំនិតច្នៃប្រឌិត និងទទួលខុសត្រូវខ្ពស់ គោរពតាមបទដ្នានបរិស្ថាន និងគោលការណ៍ការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង តំបន់ឆ្នេរសមុទ្រដើម្បីឆ្លើយតបនឹងកំណើនទេសចរ និងនិរន្តរភាពទេសចរណ៍នាពេលបច្ចុប្បន្ន និងពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ក្រុមហ៊ុនចិនព្រិន្ទស៍រៀលអ៊ីស្ទេត (ខេមបូឌា)គ្រុប ដែលបានធ្វើការវិនិយោគសណ្ឋាគារប្រណិតលំដាប់អន្តរជាតិមួយនេះ (ដែលមាន១៩២បន្ទប់) ដោយមានការគិតគូរយ៉ាងម៉ត់ចត់ដល់កិច្ចការពារបរិស្ថាន និងគម្រោងល្អៗដ៏ទៃទៀតរបស់ក្រុមហ៊ុននេះនៅខេត្តព្រះសីហនុ ហើយឯកឧត្តមក៏បានកោតសរសើរដល់ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត ដែលបានផ្តួចផ្តើមគំនិតការផលិតខ្សែភាពយន្ត “ពន្លកស្នេហ៍រីកលើដីកម្ពុជា” ដែលអាចជួយដល់ការផ្សព្វផ្សាយកម្ពុជាទៅកាន់
ទីផ្សារពិភពលោក ។

សូមបញ្ជាក់ជូនថា បច្ចុប្បន្ននេះ កម្ពុជាមានសណ្ឋាគារប្រមាណជាង ៨០០ កន្លែង ស្មើនឹង ៤៦ពាន់I បន្ទប់ (ក្នុងនោះសណ្ឋាគារប្រណិតមានប្រមាណជាង ២ម៉ឺនបន្ទប់) ដោយឡែក្នុងនោះខេត្តព្រះសីហនុមាន សណ្ឋាគារ ៦៩កន្លែង ស្មើនឹងជាង ៤ពាន់បន្ទប់ (សណ្ឋាគារប្រណិតមានទើបមានប្រមាណជាង ១០០០បន្ទប់)។