ក្រសួងមហាផ្ទៃ បកស្រាយរឿងពាក្យចចាមអារ៉ាមបង្កើតខេត្តថ្មី ចំនួន ៧


លោក ប្រាក់ សំអឿន អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានបដិសេធថា ក្រសួងពុំបានសិក្សាបង្កើតខេត្តថ្មី ដល់ទៅ ៧ បន្ថែមទៀត ដូចពាក្យចចាមអារ៉ាម និងព័ត៌មានដែលគេបានចែកចាយបន្តគ្នាតាមបណ្ដាញសង្គមនោះទេ។

លោកបានថ្លែងបញ្ជាក់ នារសៀលថ្ងៃទី៤ ខែកញ្ញានេះថា៖ “ព័ត៌មាននោះជាព័ត៌មានមិនពិត ជាព័ត៌មានបំប៉ោង ធ្វើឲ្យសាធារណជនទូទៅមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល។ ក្នុងនាមជាអ្នកបច្ចេកទេស ខ្ញុំសូមធ្វើការបដិសេធនូវរាល់ព័ត៌មានទាំងអស់នោះ។ វាជាព័ត៌មានដែលធ្វើឲ្យមានការច្របូកច្របល់ដល់សាធារណជន និងធ្វើឲ្យមានការវាយប្រហាររាជរដ្ឋាភិបាល”។

លោក ប្រាក់ សំអឿន បានសង្កត់ធ្ងន់ថា ក្រសួងមហាផ្ទៃ បានស្នើសុំគោលការអនុញ្ញាតពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការសិក្សាលទ្ធភាពបង្កើតខេត្តចំនួនពីរប៉ុណ្ណោះ។