ឧបករណ៍ដាំគ្រាប់ស្រូវរបស់កម្ពុជា ទទួលបានពានរង្វាន់កំពូលរបស់អាមេរិក


សហគ្រាសសង្គម កសិកម្មឈ្លាសវៃនៅប្រទេសកម្ពុជា បានទទួលពានរង្វាន់កំពូលរបស់រដ្ឋាភិបាលអាមេរិក ដែលមានឈ្មោះថា ប៉ាតង់សម្រាប់មនុស្សជាតិ (Patents for Humanity) សម្រាប់ឧបករណ៍ដាំគ្រាប់ស្រូវឈ្មោះ អ៊ីឡាយ។ អ៊ីឡាយ គឺជាឧបករណ៍ដាំគ្រាប់ស្រូវដែលជួយដល់កសិករកាត់បន្ថយគ្រាប់ពូជ ជួយបង្កើនទិន្នផល និងកាត់បន្ថយកម្លាំងពលកម្ម។

នេះជាពានរង្វាន់កិត្តិយសកំពូលរបស់ការិយាល័យប៉ាតង់ (ប្រកាសនីយបត្រតក្កកម្ម) និងស្លាកសញ្ញារបស់សហរដ្ឋអាមេរិក ហើយដែលពានរង្វាន់នេះនឹងត្រូវផ្តល់ជូនអ្នកកែច្នៃណាដែលបាន ប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហា ប្រឈមនានារបស់មនុស្សជាតិ។

កសិកម្មឈ្លាសវៃ រួមជាមួយនឹងបេក្ខភាពចំនួនប្រាំបីផ្សេងទៀត (ដែលត្រូវបានជ្រើសចេញពីស្ថាប័នធំៗ ចំនួន៦៩ មកពីជុំវិញពិភពលោក) នឹងត្រូវទៅទទួលរង្វាន់នេះនៅសហរដ្ឋអាមេរិកក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។

ឧបករណ៍ដាំគ្រាប់ស្រូវ អ៊ីឡាយនេះ ត្រូវបានភ្ជាប់ជាមួយនឹងគោយន្តដៃនៅពេលដាំ។ ឧបករណ៍នេះប្រើកំលាំងខ្យល់ដោយរុញគ្រាប់ពូជស្រូវចូលទៅក្នុង ដីស្រែដែលមានទឹក។ អ៊ីឡាយ ជួយកសិករក្នុងការកាត់បន្ថយគ្រាប់ពូជស្រូវ ដោយប្រើក្នុងចន្លោះពី ៣០ ទៅ ១០០គីឡូក្រាមតែប៉ុណ្ណោះក្នុងមួយហិចតា ខណៈតាមទម្លាប់កសិករប្រើគ្រាប់ពូជស្រូវពី ២០០ ទៅ ៣៥០គីឡូក្រាមក្នុងមួយហិចតា។

ឧបករណ៍អ៊ីឡាយ ក៏អាចជួយបង្កើនទិន្នផលរហូតដល់ ២០% ហើយឧបករណ៍នេះក៏អាចជួយកាត់បន្ថយការចំណាយលើជី និងថ្នាំកសិកម្មផងដែរ។ ដំណាំស្រូវដាំដោយប្រើឧបករណ៍អ៊ីឡាយ ដុះចេញជាជួរ អាចស្រូបយកពន្លឺព្រះអាទិត្យបានច្រើន និងមានខ្យល់ចេញចូលបានល្អ ដែលអាចជួយក្នុងការកាត់បន្ថយបញ្ហាជម្ងឺ និងកត្តាចង្រៃផ្សេងៗបានផងដែរ។ លើសពីនេះ អ៊ីឡាយក៏ជួយដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មក្នុងការងារកសិកម្ម ដោយប្រើពេលតែ ៤៥នាទីប៉ុណ្ណោះក្នុងផ្ទៃដីស្រែមួយហិចតា រីឯការព្រួសដោយដៃ កសិករប្រើពេលប្រហែល ២ម៉ោង និងចំណាយពេលរាប់សប្តាហ៍ បើស្ទូងដោយដៃ។

លោក សាន ប៊ុននីកា នាយកគ្រប់គ្រងកសិកម្មឈ្លាសវៃ ដែលបានស្រាវជ្រាវ និងដឹកនាំក្រុមការងារផលិតឧបករណ៍អ៊ីឡាយ បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាសប្បាយចិត្តណាស់ ពេលបានដឹងថាឧបករណ៍អ៊ីឡាយនេះទទួលបានពានរង្វាន់ប្រកបដោយកិត្យានុភាព នេះ ហើយពេលខ្លះ ខ្ញុំសឹងតែមិនជឿថាការទទួលពានរង្វាន់នេះវាជារឿងពិត»។ ក្នុងនាមជាកសិករមួយរូបផងដែរ លោក សាន ប៊ុននីកា បានមានប្រសាសន៍ថា ការស្វែងរកកម្លាំងពលកម្មក្នុងការងារកសិកម្ម គឺជាការលំបាកមួយ រួមជាមួយនឹងតម្លៃឈ្នួលកាន់តែថ្លៃឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ។

លោក ក៏បានបន្ថែមទៀតថា៖ «នេះជាភស្តុតាងមួយបង្ហាញថា យើងជាខ្មែរក៏អាចធ្វើអ្វីៗបានដែរ ឲ្យតែមានឱកាស និងធនធាន។ ដូច្នេះ ពានរង្វាន់នេះ គឺជាសិមិទ្ឋិផលមួយរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល»។

រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកម្មកសិកម្មកម្ពុជា ហៅកាត់ថា កាវ៉ាក់ (CAVAC) បាននិងកំពុងជួយដល់កសិកម្មឈ្លាសវៃ ដើម្បីផលិត និងផ្សព្វផ្សាយឧបករណ៍អ៊ីឡាយនេះ។ នេះគឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងដ៏ធំធេងរបស់រដ្ឋាភិបាលអូស្រ្តាលី ដើម្បីជួយវិស័យកសិកម្មប្រកបដោយ ភាពច្នៃប្រឌិត ផលិតភាព និងភាពធន់នឹងអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា។

ចំណែកវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវ អន្តរជាតិ ដែលហៅកាត់ថា អ៊ីរី (IRRI) នៅប្រទេសហ្វីលីពិន ក៏បាននិងកំពុងធ្វើការសាកល្បងនិងបង្ហាញពីឧបករណ៍អ៊ីឡាយ នៅក្នុងកន្លែងប្រមូលផ្តុំបច្ចេកវិទ្យារបស់ខ្លួននៅក្នុង ប្រទេសហ្វីលីពិន។ អ៊ីរី សង្ឃឹមថា ឧបករណ៍អ៊ីឡាយនេះ នឹងទទួលបានការចាប់អារម្មណ៍នៅក្នុងចំណោមបណ្តាប្រទេសនៅអាស៊ី និងបណ្តាប្រទេសផ្សេងៗទៀត។

សូមបញ្ជាក់ថា សហគ្រាសសង្គម កសិកម្មឈ្លាសវៃ ជាផ្នែកមួយរបស់ Brooklyn Bridge to Cambodia (BB2C) ប្តេជ្ញាស្វែងរកនូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត សម្រាប់ជួយដល់កសិករនៅក្នុងប្រទេសកម្ពុជា។ កសិកម្មឈ្លាសវៃលក់ឧបករណ៍កសិកម្មផ្សេងៗទៀត ដែលត្រូវបានរៀបចំ រចនា និងផលិតនៅក្នុងប្រទេសកម្ពុជា រួមមាន ស្នប់បូមទឹក ប្រព័ន្ធស្រោចស្រព និងឧបករណ៍ដាំគ្រាប់ស្រូវជាដើម៕