កាលពីរសៀលថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០១៨ ទឹកប្រាក់ចំនួន ២៦ពាន់៦៧៣ដុល្លា របស់លោកជំទវា សៀង ចាន់ហេង និង សប្បុរសជនក្នុងខេត្តត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបដែលបានផ្តល់តាមរយៈលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ត្រូវបាននាំយកមកប្រគល់ជូនដល់មន្ទីរពេទ្យ បង្អែកខេត្តសៀមរាប។
លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានធ្វើការកោតសរសើរ ចំពោះ ក្រុមវេជ្ជបណ្ឌិត គ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់អ្នកជម្ងឺ សំខាន់លើសេវាបម្រើព្យាបាលអ្នកជម្ងឺ ដែលបានចូលមកសម្រាក់ព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យ ប្រកបដោយក្រមសីលធម៌ល្អ ។
លោកជំទាវក៏បានគូសបញ្ជាក់ថា ក្រោយពេលការចុះសួរសុខទុក្ខ និង ផ្តល់អំណោយដល់បងប្អូនអ្នកជម្ងឺ កំពុងតែ សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនាពេលកន្លងមកនោះ លោកជំទាវបានសង្កេតមើលឃើញនូវកង្វះអគារទីកន្លែង អ្នកជម្ងឺសម្រាក់ព្យាបាល ដោយមានបងប្អូនអ្នកជម្ងឺដែលមកពីបណ្តាខេត្តនានា ចូលមកសម្រាក់ព្យាបាលជម្ងឺ ។ ដោយកត្តានេះហើយ ក្នុងនាមទឹកចិត្តមនុស្សធម៌របស់លោកជំទាវ ក៏បានខិតខំស្វែងរកបងប្អូនសប្បុរសជនទាំងក្នុង និង ក្រៅស្រុក ជាតិ អន្តរជាតិ ក្នុងការកៀងគរប្រមូលថវិកា ដើមី្បយកមកឧបត្ថម្ភគាំទ្រក្នុងការសាងសង់អគារផ្នែក ជម្ងឺទូទៅ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ជាការជួយសម្រួលដល់បងប្អូនអ្នកជម្ងឺចូលមកទទួលសេវាព្យាបាល បានស្នាក់នៅសមរម្យជាមន្ទីរពេទ្យ ។
តាមរយៈលោកជំទាវ គួយ ណាលីន ផងដែរ លោកជំទាវ សៀង ចាន់ហេង បានបរិចាក នូវថវិកា ២៦ពាន់៦៧៣ដុល្លា ដើមី្បបន្តការសាងសង់បង្ហើយអគារព្យាបាលជម្ងឺទូទៅ ក្នុងការបម្រើនូវតម្រូវការរបស់ គ្រូពេទ្យ និង បងប្អូនអ្នកជម្ងឺ ។
ក្នុងនោះដែរលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានថ្លែងនូវអំណរគុណនូវទឹកចិត្តដ៏សប្បុរស របស់លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង និង លោកជំទាវ សៀង ចាន់ហេង រួមទាំងសប្បុរស ជនក្នុងខេត្ត ដែលបានបរិចាកនូវថវិកា ក្នុងការចូលរួមសាងសង់អគារសម្រាប់ផ្នែកជម្ងឺទូទៅ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
លោកវេជ្ជបណ្ឌិតក៏បានឲ្យដឹងផងដែរថា អគារដែលធ្វើការសាងសង់នេះ បាន ដំណើរការសាងសង់បាន៩៥%ហើយ ព្រមទាំងដាក់គ្រែអ្នកជម្ងឺ បាន៧០គ្រែផងដែរ ៕