ថ្ងៃទីចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធអាស៊ាន-កូរ៉េលើកទី១ ដែលប្រព្រឹត្តទៅនៅទីក្រុង សេអ៊ូល សាធារណរដ្ឋកូរ៉េ។
កិច្ចប្រជុំនេះ ដឹកនាំដោយលោកជំទាវ Kim Hyun Mee រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ កិច្ចប្រជុំនេះនឹងជំរុញកិច្ចសហប្រតិបត្តិការ កាន់តែរឹងមាំថែមទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរវាងបណ្តាប្រទេសអាស៊ាន និងសាធារណរដ្ឋកូរ៉េ។
ឯកឧត្ដមទេសរដ្ឋមន្រ្តីជម្រាបជូនអំពីសមិទ្ធផលនានាដែលកម្ពុជាសម្រេចបានបន្ថែមទៀតនាពេលថ្មីៗនេះ ក្នុងការអនុវត្តគំនិតផ្តួចផ្តើមស្តីពី “ទីក្រុងឆ្លាត” និង “ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចេរភាព” ក្នុងដំណាក់កាលអន្តរកាលពីបដិវត្តន៍ឧស្សាហកម្មទី៣ ទៅកាន់បដិវត្តន៍ឧស្សាហកម្មទី៤។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីការកសាង និងការអភិវឌ្ឍបណ្តាញផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាព កំពង់ផែទឹកសាប កំពង់ផែទឹកជ្រៅ ព្រលានយន្តហោះ ផ្លូវដែក តភ្ជាប់ពីរាជធានីរាជធានីភ្នំពេញជាមួយប្រព័ន្ធផ្លូវដែករបស់ប្រទេសថៃ និងកំពង់ផែសមុទ្រទឹកជ្រៅ។
ជាមួយគ្នានេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានជម្រាបជូនកិច្ចប្រជុំ អំពីគម្រោងអភិវឌ្ឍន៍នានា ដែលក្នុងនោះរួមមាន៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងគម្រោងសាងសង់កំពង់ផែកុងតឺន័រថ្មីជម្រៅ១៤,៥ម៉ែត្រ ដែល ស្របតាមចក្ខុវិស័យនៃការពង្រីកការតភ្ជាប់ផ្លូវហាយវេអាស៊ី តភ្ជាប់ពី ប្រទេសថៃ ទៅរាជធានីភ្នំពេញ និងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥។
ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ផងដែរ អំពីការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា ក្នុងអត្រាកំណើន ប្រចាំឆ្នាំឋិតក្នុងរង្វង់៧% ក្រោមម្លប់សន្តិភាពនិងស្ថេរភាពនយោបាយរបស់ប្រទេស និងលើកកម្ពស់ ប្រទេសកម្ពុជា ពីប្រទេសដែលមានប្រាក់ចំណូលទាបទៅប្រទេសដែលមានប្រាក់ចំណូលមធ្យម។
ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េដែលបានផ្តល់ការគាំទ្រ ក្នុងការធ្វើឱ្យប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា និងដែលបានរួមចំណែកដល់ការអភិវឌ្ឍផែនការមេសម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវទឹក បណ្តាញផ្លូវដែក និងសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរ។