ទឹកស្អាត គឺជាកត្តាដ៏ចាំបាច់សម្រាប់មនុស្សជាតិយើងគ្រប់រូប


អណ្តូងទឹកស្នប់អាហ្វ្រីដេស៍ ចំនួន២កន្លែង ត្រូវបានប្រគល់ជូនសហគមន៍ ភូមិកន្សែងលើ និង ភូមិតាតោកកើត ក្នុងឃុំ ចាន់សរ ស្រុកសូទ្រនិគមន ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០១៨ ក្រោមវត្តមានរបស់លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាតិខេត្ត និង សហការី ។

នាឱកាសនោះលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង បានធ្វើការសំណេះសំណាល និង ប្រគល់អណ្តូងទឹក ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិកន្សែងលើ និង ភូមិតាតោកកើត ក្នុងឃុំចាន់សរ ដែលខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ។ ក្នុងនោះដែរលោកជំទាវក៏បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាឡើយ អំពីសុខភាព និង អនាម័យ។

លោកជំទាវក៏បានធ្វើការថ្លែងអំណរគុណ ចំពោះការជួយឧបត្ថម្ភរបស់សប្បុរសជនចិនឈ្មោះ អ៊ុយ ស៊ូគុជ ដែលបានផ្តល់អណ្តូងទឹកទាំងពីរនេះ ដល់ប្រជាជនក្នុងឃុំចាន់សរ ស្រុកសូទ្រនិគម ដែលសរបញ្ជាក់នូវទឹកចិត្តដ៏សប្បុរសធម៌ ដើមី្បរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការធ្វើឲ្យប្រសើរឡើងលើវិស័យប្រើប្រាស់ទឹកស្អាត និង ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ “ទឹកជាប្រភពនៃជីវិត” ។

លោកជំទាវក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូនត្រូវចេះដាំដំណាំរួមផ្សំនៅ ជិតៗផ្ទះ ដើម្បីជួយសម្រួលដល់ជីវភាព និង ការរស់នៅប្រចាំថ្ងៃរបស់បងប្អូន ហើយយើងក៏មិនចាំបាច់បារម្មណ៍ពីការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ផងដែរ ។ លោកជំទាវក៏បានបន្តថា នេះជារដូវវស្សាសូមបងប្អូនទាំងអស់ត្រូវចេះប្រុងប្រយ័ត្នចំពោះសុខភាព សំខាន់កូនចៅតូចៗ បើឃើញថាមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតខ្លួនបំផុត ។

ក្នុងនោះដែរលោកជំទាវ ក៏បាននាំយកអំណោយមួយចំនួន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូល រួមក្នុងពិធីប្រគល់អណ្តូងនេះ ដោយម្នាក់ៗទទួលបាន សារុង១ និងថវិកា១ម៉ឺនរៀល ៕