ភ្នំពេញ: សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ចំនួន១៧រូប អញ្ជើញមកពីសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦។
ក្នុងឱកាស នោះ សម្តេច បានស្តាប់នូវមតិ បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានឆ្លងកាត់របបសង្គមកម្ពុជាកន្លងមក ជាពិសេសសម័យសង្គ្រាម និងរបបប្រល័យពូជសាសន៍ប៉ុលពត។ បងប្អូន បានមានមតិដោយឯកភាពគ្នាថា នៅពេលនោះម្នាក់ៗ សុទ្ធតែបានលើកដៃបន់ស្រន់ដល់វត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោក ពិសេសគឺគុណមាតា បិតា សុំអោយជួយបីបាច់ថែរក្សា អោយបានរស់រានមានជីវីត ទោះបីអោយធ្វើអ្វីក៏ធ្វើដែរ ការបន់ស្រន់ បានក្លាយជាពិត។ ប្រជាជនយើង បានរស់រានមានជីវីត ដោយសារមហាជ័យជម្នះ ជាប្រវត្តិសាស្ត្រ ៧មករា១៩៧៩។ មកទល់ពេលនេះ បងប្អូនខ្លះមានអាយុជាង ៨០ឆ្នាំ ខ្លះជាង៧០ឆ្នាំ ខ្លះជាង ៦០ឆ្នាំ ទៅហើយ។ បងប្អូន ចង់ឃើញប្រទេសជាតិ រីកចម្រើនជារៀងរហូត មិនចង់ឃើញសង្គ្រាម និងរបបប្រល័យពូជសាសន៍ ទៀតទេ។
សម្តេច បានវាយតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍ ដ៏ល្អនេះ ហើយសម្តេចបានសំណូមពរ អោយបងប្អូនប្រជាពលរដ្ឋយើង បន្តជួយអប់រំ និងណែនាំ កូនចៅ អោយយល់ដឹង អំពីការពិត នៃព្រឹត្តិការណ៍អកុសលកន្លងមក សំដៅចូលរួមចំណែកទប់ស្កាត់កុំអោយកើតឡើងវិញជាថ្មីម្តងទៀត និងចូលរួមចំណែក ថែរក្សា ការពារ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីជាគុណប្រយោជន៍ដល់ការបន្តកសាង អភិវឌ្ឍប្រទេស ប្រកបដោយចីរភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ៕