ក្រសួងបរិស្ថានព្រមានដាក់ទោសរោងចក្របង្កការពុល


factory-21-09-16-2-copy

     ក្រសួងបរិស្ថាន បានព្រមានចាត់វិធានការណ៍តាមផ្លូវច្បាប់ដល់បណ្តារោងចក្រ សហគ្រាស និងសិប្បកម្ម មួយចំនួន ដែលមិនមានការគ្រប់គ្រងនូវសារធាតុពុល ដែលចេញពីផលិតកម្មរបស់ខ្លួន។ សេចក្តីព្រមាននេះ បានធ្វើតាមរយៈការជូនដំណឹងមួយរបស់ក្រសួងបរិស្ថាន កាលពីពេលថ្មីនេះ គ្រាដែលសកម្មភាពបញ្ចេញជាតិពុលពីរោងចក្រនៅតែបន្ត និងបង្កអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

     សេចក្តីជូនដំណឹងបានរំលឹកអំពីការដាស់តឿនព្រមានច្រើនដង ដល់រោងចក្រដែលពាក់ព័ន្ធ ប៉ុន្តែបញ្ហបំពុលបរិស្ថានដោយរោងចក្រនៅតែបន្តមាន និងមិនបានឆ្លើយតបតាមកម្រិតស្តង់ដាដាក់ចុះនោះឡើយ។ សេចក្តីជូនដំណឹងបានសរសេរថា ម្ចាស់ឬអ្នកទទួលខុសត្រូវ ប្រភពបំពុលទាំងឡាយណា ដែលខកខានមិនបានអនុវត្តតាមបណ្តាវិធានការ នឹងត្រូវទទួលការពិន័យអន្តរការជាប្រាក់ ឬនឹងត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន ដោយអនុលោមតាមទំហំនៃបទល្មើស ដែលខ្លួនបានប្រព្រឹត្តជាក់ស្តែង។