នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ស្កាត់ជួបសម្តេចតេជោ ហ៊ុន សែន សម្តែងការអបអរសាទរចំពោះជោគជ័យលើការបោះឆ្នោត


(ហាណូយ, វៀតណាម)៖ ដោយយោងតាមសំណើរបស់លោក ម៉ូន ជេអ៉ីន ប្រធានាធិបតីកូរ៉េខាងត្បូងនៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក លី ណាក់យ៉ុន បានស្កាត់ជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីសម្តែងការអបអរសាទរចំពោះជោគជ័យយ៉ាងភ្លូកទឹកភ្លូកដីលើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ក៏ដូចជាការទទួលបានសេចក្តីទុកចិត្តពីរដ្ឋសភាបន្តធ្វើជានាយករដ្ឋមន្ត្រីដឹកនាំរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ។

ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានធ្វើឡើងក្នុងគ្រាដែលអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានាធិបតីវៀតណាម លោក ត្រាន់ ដាយក្វាង។

យោងតាមការបញ្ជាក់របស់លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រាប់អ្នកព័ត៌មានដោយយោងតាមសម្តីរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងមកបញ្ជាក់ថា «ជំនួបពិភាក្សាការងារទ្វេភាគីគ្នានេះ គឺឆ្លើយតបតាមសំណើររបស់ឯកឧត្តមប្រធានាធិបតី ម៉ូ ជីអ៉ីន ក្នុងការស្នើសុំឲ្យឯកឧត្តមនាយករដ្ឋមន្រ្តី លី ណាក់យ៉ុន អញ្ជើញជួបសំដែងការគួរសមដោយផ្ទាល់ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីបានថ្លែងនូវសារផ្ទាល់មាត់ ពីឯកឧត្តមប្រធានាធិបតីជូនចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ»

បើតាមលោក ស្រ៊ី ថាមរុង្គ នៅក្នុងជំនួបពិភាក្សាគ្នានោះ លោកនាយករដ្ឋមន្រ្តីកូរ៉េ លី ណាក់យ៉ុន ក៏បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះសម្តេចតេជោ ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី៦ ខែកញ្ញា។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកនាយករដ្ឋមន្រ្តីកូរ៉េ ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបង្កើតឡើងដោយសម្តេចតេជោនាយករដ្ឋមន្រ្តី មានអាយុកាលជាង ២១ឆ្នាំកន្លងមក។ ក្នុងនោះភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ដែលមានរយៈពេលជាង២១ឆ្នាំកន្លងមកនេះ។ នេះបើយោងតាមការបញ្ជាក់បន្ថែមពីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដដែលនេះ។

តាមរយៈជំនួបពិភាក្សាទ្វេភាគីនោះដែរ មេដឹកនាំ នៃប្រទេសទាំងពីរកម្ពុជា​-សាធារណរដ្ឋកូរ៉េ បានពិភាក្សាគ្នាយ៉ាងយកចិក្តទុកដាក់បំផុត និងមានការទទួលខុសត្រូវខ្ពស់ជុំវិញការធ្វើឲ្យកាន់តែប្រសើរឡើងនៃទំនាក់ទំនងទ្វេភាគី ការពិភាក្សាគ្នាអំពីតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

នៅចំពោះមុខនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង សម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រកាសគាំទ្រ និងអបអរសាទរយ៉ាងកក់ក្តៅបំផុត ក្នុងនាមជាមេដឹកនាំអាស៊ានមួយរូប ចំពោះលទ្ធផលជោគជ័យជាប្រវត្តិសាស្រ្ត នៃជំនួបកំពូលលើកទី២ រវាងប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូ ជេអ៉ីន និងប្រធានាធិបតីកូរ៉េខាងជើង គីម ជុងអ៊ុន នៅទីក្រុងព្យុងយ៉ាង កូរ៉េខាងជើង ដែលនាំដល់ភាពធូរស្រាលនៅឧបទ្វីបកូរ៉េ ក៏ដូចជាតំបន់ និងសម្រាប់ពិភពលោកទាំងមូល៕