មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម បង្ហាញសក្តានុពលវិនិយោគលើវិស័យកសិកម្ម ដល់គណៈប្រតិភូធុរជនអាមេរិក


(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានធ្វើការពន្យល់គណៈប្រតិភូធុរជនអាមេរិក អំពីកាលានុវត្តភាព (ឱកាស) វិនិយោគលើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញការនាំចេញកសិ-ផលិតផលទៅកាន់ទីផ្សារអន្តរជាតិ និងការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្របសម្រួលការអភិវឌ្ឍវិស័យឯកជន តាមរយៈការលើកកម្ពស់បរិយាសកាសធុរកិច្ច, វិនិយោគ និងការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម។

ការពន្យល់របស់លោកជំទាវរដ្ឋលេខាធិការ បានធ្វើឡើងនាឱកាសចូលរួមជាអធិបតីពិធីបើកកិច្ចប្រជុំ ស្តីពីកាលានុវត្តភាពធុរកិច្ចលើវិស័យកសិកម្មរបស់កម្ពុជា ដែលរៀបចំដោយស្ថានទូតសហរដ្ឋអាមេរិក សហការជាមួយសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា កាល​ពី​ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ លោកជំទាវ ចម និម្មល បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃវិស័យកសិកម្ម និងការរួមចំណែករបស់វិស័យនេះ ទៅក្នុងផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ (GDP) ព្រមទាំងបានជម្រាបគណៈប្រតិភូធុរជនអាមេរិក អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិកម្ម សំដៅធ្វើពិពិធកម្ម (ពង្រីក) មូលដ្ឋាននៃកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ដូចបានកំណត់នៅក្នុងសសរស្តមទី៤ នៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤។

លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងពីវឌ្ឍនភាពនៃពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក និងបញ្ហាប្រឈមមួយចំនួន ដែលប្រជាកសិករ និងពាណិជ្ជករកម្ពុជាភាគច្រើន បានកំពុងជួបប្រទះ ព្រមទាំងបានស្នើដល់គណៈប្រតិភូធុរជនអាមេរិក ពិចារណាវិនិយោគលើបច្ចេកវិទ្យាថ្មីៗ ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្ម ក៏ដូចជាការពង្រឹងសមត្ថភាពវិស័យឯកជននៅក្នុងប្រទេសកម្ពុជា។

«យើងមានទំនុកចិត្តថា ការវិនិយោគផ្នែកសាធារណៈ និងឯកជន នៅក្នុងចង្វាក់តម្លៃ និងប្រព័ន្ធសុវត្ថិភាពស្បៀង គឺជាធាតុដ៏សំខាន់ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍និរន្តរភាពទី២ ស្តីពី «លុបបំបាត់ការអត់ឃ្លាន» និងគោលដៅទី៨ ស្តីពី «អនុលោមការងារ និងកំណើនសេដ្ឋកិច្ច» លោកជំទាវ ចម និម្មល បានគូសបញ្ជាក់។

សូមជម្រាបថា កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក សម្រេចបាន ៣,៥ប៊ីលានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជាទៅអាមេរិក មានទំហំ ៣,១ប៊ីលានដុល្លារអាមេរិក និងនាំចូលពីអាមេរិក មានទំហំ ៤០០លានដុល្លារសហរដ្ឋអាមេរិក គឺបានកើនឡើង ១១% ធៀបនឹងឆ្នាំ២០១៦។ ទន្ទឹមគ្នានេះ ទំហំទឹកប្រាក់វិនិយោគពីបរទេសរបស់អាមេរិកមកកម្ពុជា មានចំនួន ១៥១លានដុល្លារអាមេរិក គឺបានកើនឡើង ១១,៩% ធៀបនឹងឆ្នាំ២០១៦៕