រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើគណៈប្រតិភូធុរជនអាមេរិក វិនិយោគលើការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ


(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើគណៈប្រតិភូធុរជនអាមេរិក ដឹកនាំដោយ ឯកឧត្តម វីល្លាម ហ៊ីដ (William Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងលោក អេឡែន ឌី តាន់ (Allen D. Tan) ប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ធ្វើការវិនិយោគលើការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា ឱ្យដល់កម្រិតស្តង់ដារអន្តរជាតិ ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មឱ្យបានអតិបរមា។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកសំណើនេះឡើង នាឱកាសចូលរួមពិសាអាហារពេលព្រឹក ដើម្បីផ្សព្វផ្សាយអំពីឱកាសធុរកិច្ចនៅក្នុងវិស័យកសិកម្មកម្ពុជា កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ដែលរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាមេរិក សហការជាមួយសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនគណៈប្រតិភូធុរជនអាមេរិក អំពីស្ថិរភាពកំណើនសេដ្ឋកិច្ច និងសក្តានុពលនៃវិស័យកសិកម្មកម្ពុជា ព្រមទាំងបញ្ហាប្រឈមមួយចំនួន ដែលកម្ពុជាបានកំពុងជួបប្រទះ ដែលទាមទារឱ្យមានការចូលរួមវិនិយោគពីផ្នែកឯកជន ដើម្បីធ្វើទំនើបកម្ម និងប្រែក្លាយវិស័យមួយនេះ ឱ្យទៅមូលដ្ឋានផលិតកម្មសំខាន់ សំដៅធ្វើពិពិធកម្ម (ពង្រីក) ការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីអត្ថប្រយោជន៍នៃការធ្វើធុរកិច្ចនៅកម្ពុជា និងបានជម្រាបជូនភាគីអាមេរិក អំពីគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ចំពោះវិនិយោគិនបរទេស ដូចជាការអនុគ្រោះពន្ធនាំចូលសម្រាប់សម្ភារៈ និងគ្រឿងបរិក្ខាកសិកម្ម និងការសម្រួលការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្រោមប្រព័ន្ធអនុគ្រោះពន្ធផ្តល់ដោយប្រទេសជាដៃគូរបស់កម្ពុជា។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តប្រតិភូធុរជនអាមេរិក ចាប់ដៃគូជាមួយធុរជនកម្ពុជា ដើម្បីវិនិយោគរួមគ្នាលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម តាមរយៈការនាំយកបច្ចេកវិទ្យាថ្មីៗ ដើម្បីអភិវឌ្ឍន៍ខ្សែចង្វាក់តម្លៃផលិតកម្ម សំដៅបង្កើនតម្លៃបន្ថែម និងបង្កើតកម្មវិធីបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពវិស័យឯកជន និងលើកស្ទួយការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម វីល្លាម ហ៊ីដ និងលោក អេឡែន ឌី តាន់ ព្រមទាំងគណៈប្រតិភូធុរជនអាមេរិក បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចែករំលែកនូវព័ត៌មានល្អៗ ទាក់ទិនឱកាសវិនិយោគលើផ្នែកកសិកម្ម និងកសិ-ពាណិជ្ជកម្ម។ ឯកឧត្តម វីល្លាម ហ៊ីដ និងលោក អេឡែន ឌី តាន់ បានសន្យាជួយសម្របសម្រួលការចាប់ដៃគូធរុកិច្ចរបស់វិស័យឯកជននៃប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពជួយគាំទ្រការអភិវឌ្ឍសមត្ថភាពដល់ភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈម ជុំវិញការអភិវឌ្ឍខ្សែចង្វាក់តម្លៃកសិផលកម្ពុជា និងការធ្វើពិពិធកម្មវិស័យនាំចេញ។ ម្យ៉ាងទៀត ភាគីអាមេរិក ក៏មានបំណងប្រែក្លាយកម្ពុជា ឱ្យដើរតួនាទីសំខាន់ក្នុងការផលិត និងចែកចាយផលិតផលកសិកម្ម ទាំងក្នុងតំបន់ និងទីផ្សារពិភពលោក។

សូមជម្រាបថា វិស័យកសិកម្ម គឺជាសសរស្តមដ៏សំខាន់មួយនៃសេដ្ឋកិច្ចកម្ពុជា ដោយសារតែជាង ៨០% នៃប្រជាជនរស់នៅតំបន់ជនបទ គឺជាកសិករ។ កាលពីឆ្នាំ ២០១៧ វិស័យកសិកម្ម បានរួមចំណែកនៅក្នុងផលិតផលក្នុងស្រុកសរុប (GDP) ២៤,៩%។ ទន្ទឹមនឹងនេះ នៅក្នុងអំឡុងពេលដូចគ្នា ឧស្សាហកម្មមាន ៣២,៩% និងសេវាកម្មមាន ៤២,២%។ ការចូលរួមនៃវិស័យកសិកម្ម បានថយចុះដោយសារតែកំណើនលឿននៃវិស័យពីរផ្សេងទៀត។ ប៉ុន្តែទោះបីជាមានឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃទីក្រុង ក៏វិស័យប្រពៃណីមួយនេះ នៅតែដើរតួនាទីសំខាន់សម្រាប់ប្រជាជនកម្ពុជាភាគច្រើន៕