ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ផ្តល់ម៉ូតូដល់សិស្សជាប់និទ្ទេស A ចំនួន៣នាក់


(ស្វាយរៀង)៖ អភិបាលខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ២០១៨នេះ បានជួបសំណេះសំណាលជាមួយមាតា-បិតា លោកគ្រូ-អ្នកគ្រូ និងសិស្សទទួលបាននិទ្ទេស A ចំនួន៣នាក់ សម័យប្រឡង ២០ សីហា ២០១៨ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។

 ឯកឧត្តម ម៉ែន វិបុល បានកោតសរសើរដល់មន្ទីអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងលោកនាយក-នាយករង លោកគ្រូ-អ្នកគ្រូ មាតា-បិតា អាណាព្យាបាល ដែលរួមគ្នាខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ណែនាំបង្ហាត់បង្រៀន ផ្តល់ចំណេះដឹងដល់សិស្សានុសិស្ស ដើម្បីឱ្យក្លាយជាធនធានមនុស្ស សាកសមជាសសរទ្រូងប្រទេសជាតិ ជាពិសេសធ្វើឱ្យដំណើរការ នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅទូទាំងខេត្ត បានបញ្ចប់ដោយភាពជោគជ័យ។

ឯកឧត្តម បន្តថា តាមរយៈគោលដៅ និងសកម្មភាព ដែលកំណត់ក្នុងគម្រោង ក្រោមទិសស្លោក «ការអប់រំជាភារកិច្ចរបស់យើងទាំងអស់គ្នា» ជ័យជម្នះរបស់វិស័យអប់រំ គឺជាជ័យជម្នះសរុប ដែលរាជរដ្ឋាភិបាល និងប្រជាជនទាំងមូលបានសម្រេចលើគ្រប់វិស័យ ដោយសារកត្តាចំណេះដឹង នៃធនធានមនុស្សនេះឯង។

ជាមួយគ្នានោះលោកអភិបាលខេត្ត ក៏បានជំរុញដល់សិស្សានុសិស្សទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងពង្រឹងសមត្ថភាព របស់ខ្លួនទ្វេឡើងថែមទៀត ដើម្បីត្រៀមខ្លួនចូលរួម ប្រឡងយកជំនាញ ឱ្យបានទទួលជោគជ័យគ្រប់ៗគ្នា ជាពិសេសត្រូវចូលរួម គោរពច្បាប់ចរាចរទាំងអស់គ្នា​ និងត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភដល់សិស្សដែលទទួលបាននិទ្ទេស A ចំនួន៣នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូ C125 សេរ៊ី២០១៨ ១គ្រឿង កុំព្យូទ័រយួរដៃ១គ្រឿង និងថវិកា១០ម៉ឺនរៀល។ ដោយឡែកលោកគ្រូ-អ្នកគ្រូ ៣នាក់ ម្នាក់ៗទទួលបាន ២០ម៉ឺនរៀលផងដែរ៕