កាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនគ្រួសារទីទ័លក្រ នៅស្រុកសូទ្រនិគមន


(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនគ្រួសារទីទ័ល​ក្រ មានទំហំ​៥ម៉ែត្រ គុណ៦ម៉ែត្រ ធ្វើពីឈើ​ប្រក់ស័ង្កសីភ្លីធំ ក្រាលក្ដារ ជញ្ជាំងក្ដារ តម្កល់លើជើងតាង កម្ពស់១,៨០ម៉ែត្រ ដែលជាអំណោយរបស់លោកស្រី សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុន ហេងអភិវឌ្ឍន៍ បានផ្តល់តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។

ពិធីប្រគល់នេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ​​ជូនគ្រួសារលោកស្រី ធិក សាម៉ូន អាយុ៥២ឆ្នា ជាស្ត្រីមេម៉ាយ មានកូន៥នាក់ រស់នៅភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្នដើរស៊ីឈ្នួលគេបានថវិកាខ្លះផ្គង់ផ្គង់គ្រួសារ។

ថ្លែងក្នុងឱកាសនោះ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង បាន​នាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ឃឹម ប៊ុន សុង ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា​-មិនទុកនរណាម្នាក់ចោល»

លោកស្រី គួយ ណាលីន ​បានបន្តថា នេះជារដូវវស្សាសូមប្រជាពលរដ្ឋទាំងអស់ ត្រូវចេះប្រុងប្រយ័ត្នចំពោះសុខភាព ពិសេសកូនចៅតូចៗបើឃើញថា មិនស្រួលត្រូវប្រញ៉ាប់បញ្ជូន ទៅមណ្ឌលសុខភាពដែលនៅជិតបំផុត​ ហើយ​ត្រូវចេះសម្អាត ថែរក្សា ផ្ទះថ្មីនេះ ដើម្បីបានប្រើប្រាស់យូរអង្វែង និង​ជាជម្រកដ៏កក់ក្តៅតរៀងទៅ។

អំណោយមនុស្សធម៌បន្ថែមសម្រាប់១គ្រួសារ ទទួលបាន៖ មុង១, ភួយ១, សារុង១, ក្រមា១, កន្ទេល១, អង្ករ៥០គីឡូក្រាម,​ មី១កេស,​ត្រីខ១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកបរិសុទ្ធ៥យួរ, សម្ភារផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺន​រៀល សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមម្នាក់ៗ ទទួលបានសារុង១ និងថវិកា១ម៉ឺនរៀល​ផងដែរ​។

ឆ្លៀតឱកាសនោះ លោកស្រី គួយ ណាលីន ក៏បានអញ្ជើញចុះពិនិត្យលំនៅដ្ឋានប្រជាពលរដ្ឋទីទ័លក្រ ចំនួន៣គ្រួសារ ស្ថិតនៅក្នុងភូមិដូនហុងនេះ ដែលពួកគាត់ជាស្រ្តីមេម៉ាយទីទ័លក្រ និង​មួយគ្រួសារប្តីមានជំងឺ ដែលគ្មានលទ្ធភាព ក្នុងការសាងសង់ផ្ទះរស់នៅឲ្យបានសមរម្យ​។

ក្នុងនោះលោកស្រី ក៏បាន​នាំនូវសំណូមពររបស់គ្រួសារក្រីក្រ ទាំង៣គ្រួសារ ដើមី្បធ្វើការស្វែងរកសប្បុរសជនក្នុង និង​ក្រៅប្រទេសផ្តល់នូវផ្ទះមនុស្សធម៌ ដល់ពួកគាត់ផងដែរ​។ ​ប្រជាពលរដ្ឋទាំង៣គ្រួសារ ក៏មានសង្ឃឹមជឿជាក់ ពីកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី ក្នុងនាមជាអនុ​ប្រធានគណៈ​កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើមី្បផ្តល់នូវភាពកក់ក្តៅដល់ពួកគាត់ផងដែរ៕