សន្និសីទមេគង្គ-ឡានឆាន៖ យុវជនមានតួនាទីសំខាន់ណាស់ ក្នុងការអភិវឌ្ឍសហគ្រាសវប្បធម៌ធុនតូច និងមធ្យមប្រកបដោយចីរភាព


(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទមេគង្គ-ឡានឆាន ស្ដីពី សហគ្រាសវប្បធម៌ធុនតូច និងមធ្យម សម្រាប់យុវជនក្នុងការអភិវឌ្ឍ សហគ្រាសវប្បធម៌ធុនតូច និងមធ្យម ប្រកបដោយចីរភាពធ្វើនៅសណ្ឋាគារ សុខាល័យ ក្រុងសៀមរាប រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។

សន្និសីទនេះស្ថិតក្នុងអធិបតីភាពរបស់ លោក កំរាំង កំសាន្ដ រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក សុខ សុកាន អនុរដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ, លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងវត្តមានរបស់ប្រតិភូអមដំណើរ។

លោក សំរាំង កំសាន្ត បានថ្លែងថា តួនាទីរបស់យុវជន ក្នុងការអភិវឌ្ឍសហគ្រាសវប្បធម៌ធុនតូច និងមធ្យម ប្រកបដោយចីរភាព មានសារសំខាន់ណាស់ ហើយការជួបប្រជុំរបស់មន្រ្តីជំនាញខាងវប្បធម៌ នៃប្រទេសមេគង្គ-ឡានឆាង នៅថ្ងៃនេះ និងពិភាក្សាគ្នាដោយសំខាន់ ទៅលើឧស្សហកម្មវប្បធម៌ ព្រោះឧស្សហកម្មវប្បធម៌ គឺជាឆ្អឹងខ្នងសេដ្ឋកិច្ច និងបានលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការផលិតវត្ថុសិល្បៈ។

លោកបន្តថា អ្វីដែលមន្រ្តីជំនាញខាងវប្បធម៌ទាំងអស់ ចង់បាននៅថ្ងៃនេះ គឺចង់ឱ្យយុវជនចាប់អារម្មណ៍រៀនជំនាញផលិតវត្ថុសិល្បៈផ្សេងៗ ដើម្បីលក់ទទួលបានប្រាក់ចំណូលផង ការថែរក្សា និងអភិរក្សនូវវិស័យវប្បធម៌/សិល្បៈ ហើយមានចំណេះដឹងសម្រាប់បង្រៀនដល់អ្នកជំនាន់ក្រោយបន្តវេណទៅមុខ និងធ្វើការអភិឌ្ឍវិស័យមួយនេះ ឲ្យមានភាពរីកចម្រើនបន្ថែមទៀត។

សូមជម្រាបថា អង្គសន្និសីទនេះ មានប្រតិភូចំនួន៥រូប ដែលបានអញ្ជើញមកពីប្រទេស ដែលជាសមាជិកនៃមេគង្គ-ឡានឆាន ដែលម្នាក់មកពីក្រសួង/ស្ថាប័នវប្បធម៌ និង៤នាក់ទៀត គឺជាយុវជន ដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រតិបត្តិ លើវិស័យវប្បធម៌ និងមានវត្តមានរបស់អ្នកជំនាញ ២រូប មកពីសាធារណៈរដ្ឋប្រជាមានិតចិន។ ក្នុងនោះក៏មានវត្តមានរបស់យុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានចូលរួមផងដែរ។

តាមអង្គសន្និសីទ បានបញ្ជាក់ផងដែរថា គម្រោងនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាន លើតួនាទីរបស់យុវជន ក្នុងការអភិវឌ្ឍសហគ្រាសវប្បធម៌ធុនតូច និងមធ្យម ប្រកបដោយចីរភាព ដើម្បីលើកកម្ពស់នូវសហគ្រាសវប្បធម៌ធុនតូច និងមធ្យម ក្នុងគោលបំណងដើម្បីផ្ដល់ឱកាស់សម្រាប់យុវជន ដែលជាសមាជិកនៃប្រទេសមេគង្គ-ឡានឆាន បានចូលរួមយ៉ាងស៉ីជម្រៅក្នុងសកម្មភាពវប្បធម៌៕