ជប៉ុនបន្តជួយកម្ពុជាអនុវត្តគម្រោងលើកកម្ពស់សុខភាព​ និងសុវត្ថិភាពការងារ ក្នុងវិស័យសំណង់២០១៨-២០២០


សភាជប៉ុន​ទទួលបន្ទុកសកម្មភាពអង្គការអន្តរជាតិខាងការងារ​ វិស័យសុខភាព​ និងសុវត្ថិភាពការងារ បានឯកភាពជួយកម្ពុជាក្នុងការអនុវត្តគម្រោងលើកទី២​ ស្តីពីការលើកកម្ពស់សុខភាព​ និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ឆ្នាំ២០១៨-២០២០​។

ឆន្ទៈដ៏មោះមុតនេះ ត្រូវបានបញ្ជាក់ក្នុងជំនួបរវាងលោក អ៉ិត ​សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ជាមួយលោក​ Jiro KAWASAKI សមាជិកសភា​ និងជាអតីតរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ការងារ​ និងសុខុមាលភាព​ជប៉ុន​ និងគណ:ប្រតិភូសភាជប៉ុន​ ទទួលបន្ទុកលើសកម្មភាពអង្គការអន្តរជាតិខាងការងារ​ វិស័យសុខភាព​ និងសុវត្ថិភាពការងារ នាថ្ងៃទី​២៧​ ខែ​កញ្ញា​ ឆ្នាំ២០១៨​ នៅទីស្ដីការក្រសួងការងារ។

លោករដ្ឋមន្រ្តី​ អ៉ិត សំហេង បានបង្ហាញការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការល្អ លើគ្រប់វិស័យ​រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ​ ជាពិសេសលើវិស័យសុខភាព​ និងសុវត្ថិភាពការងារ​នៅកម្ពុជា​ ក៏ដូចជាប្រទេសជប៉ុន​ សំដៅលើកកម្ពស់សុវត្តិភាព​ និងសុខុមាលភាពរបស់ពលករនៃប្រទេសទាំងពីរ​ ក្រោមគម្រោងស្តីពីសុខភាព​ និងសុវត្ថិភាពការងារ ដែលគម្រោងលើកទី១​ ទើបបានបញ្ចប់​ និងបន្តអនុវត្តគម្រោងលើកទី២​ ស្តីពីការលើកកម្ពស់សុខភាព​ និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ ឆ្នាំ២០១៨-២០២០​ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ​ ច្បាប់​ និងបទដ្ឋាននានា​ ក្នុងគោលដៅពង្រឹងនូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ​ ឱ្យបានកាន់តែល្អ​ប្រសើរ។

លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានឱ្យដឹងថា លោករដ្ឋមន្រ្តី អ៉ិត សំហេង ក៏បានកោតសរសើរចំពោះអ្នកវិនិយោគជប៉ុន​ ដែលបានមកបណ្តាក់ទុននៅកម្ពុជា​ ហើយរាល់ក្រុមហ៊ុនរបស់ជប៉ុន គឺបានអនុវត្តតាមច្បាប់​ និងមានលក្ខខណ្ឌការងារល្អ។

លោក ឡេង តុង បានបន្តថា ភាគីជប៉ុន​បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា​ និងក្រសួងការងារ ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អ​ ហើយភាគីជប៉ុននឹងបន្តគាំទ្រដល់ការអនុវត្តគម្រោងលើកទី២​នេះ​ ឱ្យសម្រេចបានជោគជ័យតាមការរំពឹងទុករបស់គម្រោង។

សម្រាប់ទិសដៅសំខាន់ៗនៃគម្រោងលើកទី២ ស្តីពីការលើកកម្ពស់សុខភាព​ និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ ឆ្នាំ២០១៨-២០២០​ រួមមាន៖

១៖ បន្តអនុវត្តគម្រោងលើកទី២ ស្ដីពីការលើកកម្ពស់ស្ដង់ដាសុខភាព និងសុវត្ថិភាពការងារនៅក្នុងវិស័យសំណង់ឆ្នាំ២០១៨-២០២០ ដោយប្រើប្រាស់យន្តការក្រុមការងារពិគ្រោះយោបល់គម្រោង និងយន្តការដទៃទៀត ដើម្បីសម្រេចឱ្យបាននូវការរំពឹងទុករបស់គម្រោង។

២៖ ការរៀបចំក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តបន្ថែមទាក់ទងនឹងសុខភាព និងសុវត្ថិភាពការងារ ជាពិសេសវិស័យសំណង់។

៣៖ ការពង្រឹងការចុះធ្វើអធិការកិច្ចការងារ ដើម្បីកែលម្អលក្ខខណ្ឌការងារនៅតាមការដ្ឋានសំណង់។

៤៖ លើកកម្ពស់ការយល់ដឹងរបស់កម្មករនិយោជិត និងនិយោជកតាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដូចជាកម្មវិធីកែលម្អលក្ខខណ្ឌការងារសម្រាប់ការដ្ឋានសំណង់ខ្នាតតូច កម្មវិធីកែលម្អលក្ខណ្ឌការងារសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម។

លោក ឡេង តុង បានបញ្ជាក់ទៀតថា នៅថ្ងៃស្អែក ភាគីទាំងពីរនឹងទៅពិនិត្យការដ្ឋានសំណង់ជាក់ស្ដែង ដើម្បីពិនិត្យមើលវឌ្ឍនភាពដែលបានអនុវត្ត នាពេលកន្លងមក។

សូមជម្រាបថា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិខាងការងាររបស់ជប៉ុន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុវត្តដោយជោគជ័យនូវគម្រោងលើកទី១ ស្ដីពីសុខភាព និងសុវត្ថិភាពការងារ ហើយបាននិងកំពុងបន្តអនុវត្តគម្រោងលើកទី២ ស្ដីពីការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង ឆ្នាំ២០១៨-២០២០ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តកម្មវិធីទី៤ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០១៤-២០១៨៕