សភាជប៉ុនទទួលបន្ទុកសកម្មភាពអង្គការអន្តរជាតិខាងការងារ វិស័យសុខភាព និងសុវត្ថិភាពការងារ បានឯកភាពជួយកម្ពុជាក្នុងការអនុវត្តគម្រោងលើកទី២ ស្តីពីការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ឆ្នាំ២០១៨-២០២០។
ឆន្ទៈដ៏មោះមុតនេះ ត្រូវបានបញ្ជាក់ក្នុងជំនួបរវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Jiro KAWASAKI សមាជិកសភា និងជាអតីតរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន និងគណ:ប្រតិភូសភាជប៉ុន ទទួលបន្ទុកលើសកម្មភាពអង្គការអន្តរជាតិខាងការងារ វិស័យសុខភាព និងសុវត្ថិភាពការងារ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។
លោករដ្ឋមន្រ្តី អ៉ិត សំហេង បានបង្ហាញការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការល្អ លើគ្រប់វិស័យរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសលើវិស័យសុខភាព និងសុវត្ថិភាពការងារនៅកម្ពុជា ក៏ដូចជាប្រទេសជប៉ុន សំដៅលើកកម្ពស់សុវត្តិភាព និងសុខុមាលភាពរបស់ពលករនៃប្រទេសទាំងពីរ ក្រោមគម្រោងស្តីពីសុខភាព និងសុវត្ថិភាពការងារ ដែលគម្រោងលើកទី១ ទើបបានបញ្ចប់ និងបន្តអនុវត្តគម្រោងលើកទី២ ស្តីពីការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ ឆ្នាំ២០១៨-២០២០ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ ច្បាប់ និងបទដ្ឋាននានា ក្នុងគោលដៅពង្រឹងនូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ឱ្យបានកាន់តែល្អប្រសើរ។
លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានឱ្យដឹងថា លោករដ្ឋមន្រ្តី អ៉ិត សំហេង ក៏បានកោតសរសើរចំពោះអ្នកវិនិយោគជប៉ុន ដែលបានមកបណ្តាក់ទុននៅកម្ពុជា ហើយរាល់ក្រុមហ៊ុនរបស់ជប៉ុន គឺបានអនុវត្តតាមច្បាប់ និងមានលក្ខខណ្ឌការងារល្អ។
លោក ឡេង តុង បានបន្តថា ភាគីជប៉ុនបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អ ហើយភាគីជប៉ុននឹងបន្តគាំទ្រដល់ការអនុវត្តគម្រោងលើកទី២នេះ ឱ្យសម្រេចបានជោគជ័យតាមការរំពឹងទុករបស់គម្រោង។
សម្រាប់ទិសដៅសំខាន់ៗនៃគម្រោងលើកទី២ ស្តីពីការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ ឆ្នាំ២០១៨-២០២០ រួមមាន៖
១៖ បន្តអនុវត្តគម្រោងលើកទី២ ស្ដីពីការលើកកម្ពស់ស្ដង់ដាសុខភាព និងសុវត្ថិភាពការងារនៅក្នុងវិស័យសំណង់ឆ្នាំ២០១៨-២០២០ ដោយប្រើប្រាស់យន្តការក្រុមការងារពិគ្រោះយោបល់គម្រោង និងយន្តការដទៃទៀត ដើម្បីសម្រេចឱ្យបាននូវការរំពឹងទុករបស់គម្រោង។
២៖ ការរៀបចំក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តបន្ថែមទាក់ទងនឹងសុខភាព និងសុវត្ថិភាពការងារ ជាពិសេសវិស័យសំណង់។
៣៖ ការពង្រឹងការចុះធ្វើអធិការកិច្ចការងារ ដើម្បីកែលម្អលក្ខខណ្ឌការងារនៅតាមការដ្ឋានសំណង់។
៤៖ លើកកម្ពស់ការយល់ដឹងរបស់កម្មករនិយោជិត និងនិយោជកតាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដូចជាកម្មវិធីកែលម្អលក្ខខណ្ឌការងារសម្រាប់ការដ្ឋានសំណង់ខ្នាតតូច កម្មវិធីកែលម្អលក្ខណ្ឌការងារសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម។
លោក ឡេង តុង បានបញ្ជាក់ទៀតថា នៅថ្ងៃស្អែក ភាគីទាំងពីរនឹងទៅពិនិត្យការដ្ឋានសំណង់ជាក់ស្ដែង ដើម្បីពិនិត្យមើលវឌ្ឍនភាពដែលបានអនុវត្ត នាពេលកន្លងមក។
សូមជម្រាបថា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិខាងការងាររបស់ជប៉ុន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុវត្តដោយជោគជ័យនូវគម្រោងលើកទី១ ស្ដីពីសុខភាព និងសុវត្ថិភាពការងារ ហើយបាននិងកំពុងបន្តអនុវត្តគម្រោងលើកទី២ ស្ដីពីការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង ឆ្នាំ២០១៨-២០២០ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តកម្មវិធីទី៤ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០១៤-២០១៨៕