កម្ពុជា និងឡាវ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីជំរុញសេវាកម្មដឹកជញ្ជូនផ្លូវអាកាស ក្រោមវត្តមានលោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
ក្នុងពិធីនេះភាគីកម្ពុជា ចុះហត្ថលេខាដោយលោk ជា អូន រដ្ឋលេខាធិការ និង លោក Bountheung Soumontha អគ្គនាយករង នៃអាជ្ញាធរអាកាសចរស៊ីវិលឡាវ។
លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា គោលបំណងដែលបានចុះហត្ថលេខារួមគ្នារវាងអាកាសចរស៊ីវិលកម្ពុជា និងឡាវ គឺដើម្បីពង្រីកសេវាហោះហើយ ដែលគេហៅថា « Five Freedoms -សិទ្ធិទី៥» ដោយប្រទេសទាំង២បានឯកភាពគ្នា ប្រើប្រាស់សិទ្ធិទី៥ នេះ។
លោកបញ្ជាក់ទៀតថា សិទ្ធិទី៥នេះ គឺចង់សំដៅលើកការពង្រីកសេវាហោះហើយ មានន័យកម្ពុជាអាចហោះទៅកាន់ប្រទេសឡាវ ចុះចតដាក់ភ្ញៀវនៅប្រទេសឡាវ ហើយអាចដឹកជញ្ជូនភ្ញៀវពីប្រទេសឡាវ ហោះបន្តទៅប្រទេសចិនបាន។ ដូចគ្នាដែរ ភាគីឡាវ អាចដឹកភ្ញៀវមកកម្ពុជា ហើយយកភ្ញៀវពីកម្ពុជាទៅប្រទេសចិន៕