ក្រសួងបរិស្ថាន រៀបចំការប្រគុំតន្រ្តីបញ្ជ្រាបមេត្រីភាពបរិស្ថាន ក្រោមប្រធានបទ “រួមគ្នាដើម្បីមេត្រីភាពបរិស្ថាន” នៅខេត្តស្ទឹងត្រែង


ដើម្បីកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព ក្រសួងបរិស្ថានបានសហការជាមួយស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរារៀបចំការប្រគុំតន្រ្តីបញ្ជ្រាបមេត្រីភាពបរិស្ថាន ក្រោមប្រធានបទ “រួមគ្នាដើម្បីមេត្រីភាពបរិស្ថាន” នៅទីរួមខេត្តស្ទឹងត្រែង ក្រោមវត្តមាន លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្ន២០១៨ ។

បន្ទាប់ពីការលើកឡើងពីសក្តានុពលធម្មជាតិ សារៈសំខាន់នៃការការពារនិងអភិរក្សបរិស្ថាន និងការអភិវឌ្ឍថ្មីៗនៃខេត្តស្ទឹងត្រែងរបស់ឯកឧត្តម មុំ សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង រួចមក លោកជំទាវ ងិន លីណា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថា ៖ ព្រឹត្តិការណ៏ដែលរៀបចំឡើងនៅពេលនេះ គឺមានគោលបំណងដើម្បីបញ្រ្ជាបចំណេះដឹងដល់ប្រតិបត្តិករមេត្រីភាពបរិស្ថាន ជុំរុញការចូលរួមកិច្ចគាំពារបរិស្ថាន ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការអភិរក្សជីវៈចម្រុះ ។ លោកជំទាវអគ្គនាយកបន្តថា ដើម្បីមេត្រីភាពបរិស្ថាន ត្រូវចេះស្រទ្បាញ់បរិស្ថានជុំវិញខ្លួន ហើយចូលរួមទទួលខុសត្រូវលើបញ្ហាបរិស្ថាន។ជាមួយគ្នានេះ គប្បីយកចិត្តទុកដាក់សំអាតសំរាមឱ្យបានត្រឹមត្រូវ ចូលរួមការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ដើម្បីឱ្យការរស់នៅប្រកបដោយចីរភាព។

ក្នុងឱកាសនោះ លោកជំទាវ ព្រំ សុភី មានប្រសាសន៍ថា ៖ នេះគឺជាព្រឹត្តិការណ៍ថ្មីមួយទៀតក្នុងវិស័យបរិស្ថាន ហើយប្រធានបទសំខាន់ផ្តោតលើពាក្យថា ” មេត្រីភាពបរិស្ថាន ” សំដៅដល់ក្តីស្រទ្បាញ់ ការចូលរួមទទួលខុសត្រូវ និងភាពស្និតស្នាលជាមួយមជ្ឈដ្ឋាននៃការរស់នៅរបស់យើងគ្រប់គ្នារួមមាន៖ ធនធានធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូទ្បូស៊ី។ល។ ការចាប់ផ្តើមធ្វើជាគំរូល្អក្នុងការចូលរួមការពារ ថែរក្សាបរិស្ថាន គឺជាមោទនភាពរបស់រូបវន្តបុគ្គល នីតិបុគ្គលដែលបានប្រតិបត្តិផ្ទាល់ និងការចូលរួមសកម្មភាពសង្គមនានា។

លោកជំទាវអនុរដ្ឋលេខាធិការបានបញ្ជាក់ថាការបង្កើតកម្មវិធីប្រគំតន្រ្តីផ្សព្វផ្សាយនេះឡើង ក៏ដើម្បីចូលរួមចំណែកកែប្រែផ្នត់គំនិតសាធារណជនឱ្យមានឥរិយាបថទម្លាប់ល្អ ប្រតិបត្តិមេត្រីភាពបរិស្ថានបានល្អ បង្កើនការយល់ដឹងដល់សាធារណជនចូលរួមកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព ។

សូមបញ្ជាក់ថា កម្មវិធីបញ្ជ្រាបមេត្រីភាពបរិស្ថាន នៅក្រុងស្ទឹងត្រែង មានការចូលរួមពីសាធារណជន អាជ្ញាធរដែនដី មន្ទីរជំនាញ ក៏ដូចជាប្រតិបត្តិករមេត្រីភាពបរិស្ថាន រួមជាមួយនឹងការចូលរួមច្រៀង សម្តែងពីក្រុមតន្រ្តីសម័យ និងក្រុមកំប្លែង សកម្មភាពបញ្ជ្រាបចំណេះដឹងបរិស្ថានផ្សេងៗ តាមរយៈការសម្តែងបទចម្រៀង ការផ្សព្វផ្សាយវីដេអូឯកសារ សម្រាប់ពង្រឹងការយល់ដឹង និងការចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានទាំងអស់គ្នា៕