មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារសាងសង់ឡើងវិញប្រឡាយអូរកងបួន ស្ថិតក្នុងឃុំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត


ថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារសាងសង់ឡើងវិញប្រឡាយអូរកងបួន ស្ថិតក្នុងឃុំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត ។

គួររំលឹកផងដែរថា ប្រឡាយអូរកងបួន ត្រូវបានសាងសង់ឡើងដោយកំលាំងពលកម្មរបស់បងប្អូនប្រជាពលរដ្ឋ នាសម័យខ្មែរក្រហម ។ ឆ្លងកាត់ជាច្រើនសម័យកាល ប្រឡាយនេះ ត្រូវបានគោករាក់ បាត់រូបរាងស្ទើរទាំងស្រុង និងបានធ្វើឲ្យតំបន់ខាងលើជួបការខ្វះខាតទឹកជារៀងរាល់ឆ្នាំ ទាំងក្នុងរដូវប្រាំង និងរដូវវស្សា ។ ពិនិត្យឃើញនូវការលំបាកនេះ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការស្តារប្រឡាយអូរកងបួនឡើងវិញ នៅដើមឆ្នាំ ២០១៧ ដោយមានទំហំការងារ ៖ ស្តារប្រឡាយមេ ០១ ខ្សែ ប្រវែង ១.៨០០ ម៉ែត្រ ស្តារប្រឡាយរង ០២ ខ្សែ សរុបប្រវែង ៤.៨២០​ ម៉ែត្រ និងបំពាក់នូវសំណង់សិល្បការតូច ធំ សរុបចំនួន ២៦ កន្លែង ។ ក្រោយពេលស្តាររួច ប្រឡាយនេះ បានដើរតួនាទីយ៉ាងសកម្មក្នុងផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃផង​ និងស្រោចស្រពដំណាំស្រូវលើផ្ទៃដីរាប់ពាន់ហិកតាផង ។