ក្នុងចំនោមនិស្សិតសរុប៦៩០នាក់នៅលើពិភពលោក មាននិស្សិត ស.វ.ស៤៨ រូបទទួលអាហារូបករណ៍បន្តការសិក្សានៅប្រទេសបារាំង


(ភ្នំពេញ)៖ ថ្ងៃសុក្រ ០៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅទីតាំងទី១ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមានរៀបចំ ពិធីសំណេះសំណាលជាមួយនិស្សិតវេជ្ជបណ្ឌិតឯកទេសដែលត្រូវបន្តការសិក្សានៅសាធារណៈរដ្ឋបារាំងក្នុងឆ្នាំ២០១៨ ដោយមានការអញ្ជើញជាអធិបតីភាពខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកជំទាវ អេវ៉ា ង្វៀនប៊ីញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីនេះផងដែរ ក៏មាននូវការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង និស្សិតជ័យលាភីអាហារូបករណ៍ចំនួន ៤៨ នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល បានសម្តែងនូវគារវកិច្ច និង ស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានគណ:អធិបតី។ ឯកឧត្តមសាកលវិទ្យាធិការ បានរាយការណ៏ជាសង្ខេបពីលទ្ធផលនៃកម្មវិធីផ្លាស់ប្តូរសាស្រ្តាចារ្យ មន្រ្តី បុគ្គលិក និស្សិត នៅស.វ.ស ចាប់ពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន។ បន្ថែមពីនោះ ឯកឧត្តមសាកលវិទ្យាធិការ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រ កម្ពុជា ដៃគូអភិវឌ្ឍនានា និងជាពិសេស លោកសាស្រ្តាចារ្យ Claude Dumergier និង លោកសាស្រ្តាចារ្យ Jacques Baulieux ដែលបានជួយគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយនឹងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

លោកជំទាវ អេវ៉ា ង្វៀនប៊ីញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៏ថា ប្រទេសបារាំងបាននឹងកំពុងផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត និងការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិត បេសកកម្មរបស់អ្នកជំនាញការបារាំងជួយដល់កម្មវិធីបណ្តុះបណ្តាលអន្តរជាតិ និងផ្តល់អ្នកជំនាញការបច្ចេកទេស អ្នកស្ម័គ្រចិត្តអន្តរជាតិមកជួយដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

ស្ថានទូតបារាំង បានរៀបចំសិក្ខាសាលាតម្រង់ទិស នាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលនឹងទៅបន្តការសិក្សានៅប្រទេសបារាំង និងកំពុងជួយសម្រួលដល់បែបបទិដ្ឋាការរបស់និស្សិតទាំងនោះ។ នៅពេលប្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ និស្សិតនឹងក្លាយជាសមាជិកសមាគមអតីតនិស្សិតដែលបានបន្តការសិក្សានៅប្រទេសបារាំង។ បន្ថែមពីនោះ ស្ថានទូតបារាំងនឹងគាំទ្រដល់ការដាក់ឱ្យដំណើរការ Espace France នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
លោកជំទាវឯកអគ្គរដ្ឋទូតបានកោតសរសើរដល់និស្សិតជ័យលាភីទាំងអស់ដែលត្រូវបានជ្រើសរើស ពិព្រោះទាំងការសិក្សាផ្នែកវេជ្ជសាស្រ្ត ទាំងភាសាបារាំងសុទ្ធតែជាការលំបាក។ និស្សិតទាំង៤៨រូបនេះ ត្រូវបានជ្រើសរើសក្នុងចំណោមនិស្សិតសរុប៦៩០នាក់នៅលើពិភពលោកឱ្យទៅបន្តការសិក្សានៅប្រទេសបារាំងនាឆ្នាំនេះ។

អញ្ជើញមានមតិក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាលបារាំង ដែលបាននឹងកំពុងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសគឺការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា សក្ខីភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងសាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាល និងភាគីបារាំងដែលចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងបង្កើនគុណភាពនៃការអប់រំក្នុង វិស័យសុខាភិបាល និងបញ្ជាក់អំពីជោគជ័យមួយក្នុងការកសាងសមត្ថភាព និងជំនាញឯកទេសក្នុងវិស័យសុខា ភិបាល នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលជាចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យ បានកោតសរសើរចំពោះនិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ និងណែនាំដល់ជ័យលាភីទាំងអស់ សូមបន្តខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានចប់ជាស្ថាពរ និងទទួលយកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗទាក់ទងនឹងឯកទេសរបស់ខ្លួន នៅពេលទៅសិក្សានៅប្រទេសបារាំង ដើម្បីចូលរួមចំណែកក្នុងការអភិឌ្ឍ វិស័យសុខាភិបាល នៅពេលវិលត្រឡប់មកកាន់មាតុប្រទេសយើងវិញ។

គួរជម្រាបថា ក្នុងឆ្នាំ២០១៨នេះ និស្សិតស.វ.ស ចំនួន ៤៥ នាក់ (ស្រី ១៨ នាក់) បានទទួលអាហារូបករណ៍បន្តការសិក្សាលើឯកទេសចំនួន ២០ផ្សេងៗគ្នា នៅប្រទេសបារាំង (៣៨ នាក់ ក្នុងកម្មវិធី DFMS -Diplôme de Formation Médicale Spécialisée និង០៧ នាក់ ក្នុងកម្មវិធី DFMSA-Diplôme de Formation Médicale Spécialisée Approfondie) និងអតីតនិស្សិតស.វ.ស ចំនួន ០៣នាក់ (ស្រី ០០ នាក់) ធ្វើកម្មសិក្សា (Stagiaires associés) នៅប្រទេសបារាំងផងដែរ។