នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ៖ សៀវភៅផ្នត់វិមានឈ្នះ-ឈ្នះ ជាមគ្គុទេសក៍បង្ហាញពីខ្លឹមសារសង្ខេប នៃសំណង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ និងការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា


ក្រុមការងារសិក្សាស្រាវជ្រាវខ្លឹមសារសាងសង់វិមានឈ្នះ-ឈ្នះ បានបោះពុម្ពសៀវភៅផ្នត់វិមានឈ្នះ-ឈ្នះ ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅការប្រារព្ធពិធីសម្ពោធវិមានឈ្នះ-ឈ្នះ និងការប្រារព្ធខួប លើកទី២០ ទិវានយោបាយឈ្នះ-ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ បើគិតចាប់តាំងពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ រហូតដល់ថ្ងៃប្រារព្ធពិធីគឺនៅសល់តែ៨៩ថ្ងៃទៀតតែប៉ុណ្ណោះ នឹងដល់ថ្ងៃសម្ពោធហើយ។

សំណង់វិមានឈ្នះ-ឈ្នះ ដែលបានកំពុងសាងសង់នេះ ជានិមិត្តរូប នៃសន្តិភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលពុំធ្លាប់មានពីមុនមក ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា រយៈពេលជាង៥០០ឆ្នាំ។ ដោយមានការយកចិត្តទុកដាក់ និងណែនាំជាប់ជាប្រចាំពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ ក្រុមការងារក្រុមការងារ សិក្សាស្រាវជ្រាវខ្លឹមសារសាងសង់វិមានឈ្នះ-ឈ្នះ ដឹកនាំដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បានខិតខំចងក្រងសៀវភៅផ្នត់វិមានឈ្នះ-ឈ្នះ ដោយផ្អែកលើអត្ថន័យ និងខ្លឹមសារសំខាន់ៗ នៃនយោបាយឈ្នះ-ឈ្នះ និងការរៀបចំរចនាសម្ព័ន្ធ នៅក្នុងវិមានឈ្នះឈ្នះ។

នៅក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសំណង់វិមានឈ្នះ-ឈ្នះ កាលពីថ្ងៃទី១ ខែតុលា សម្តេចពិជ័យសេនា ទៀ បាញ់ បានជំរុញដល់ក្រុមការងារបន្តខិតខំបំពេញការងារចាប់ពីពេលនេះ រហូតដល់ថ្ងៃប្រារព្ធពិធីសម្ពោធ ក្នុងនោះរួមទាំងការពង្រឹងមគ្គុទេសក៍វិមានឈ្នះឈ្នះផងដែរ។

សូមជម្រាប វិមានឈ្នះ-ឈ្នះ ដែលជានិម្មិតរូប នៃសុខសន្តិភាពកម្ពុជា និងជាតឹងតាងលេចចេញពីនយោបាយឈ្នះ-ឈ្នះ បាននិងកំពុងសាងសង់នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គ្រោងសម្ពោធជាផ្លូវការដ៏ធំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

វិមានឈ្នះ ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ថវិកាដែលយកមកសាងសង់ គឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល យ៉ាងណាក៏ដោយ គេមិនបានបញ្ជាក់ថា ការចំណាយនូវការសាងសង់អស់ថវិកាប៉ុន្មាននោះឡើយ។

ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀតវិមាននេះ ក៏ជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
នេះជាការបញ្ជាក់បន្ថែមពីនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលបានប្រឹងប្រែងយ៉ាងមុះមត់ ក្នុងការដឹកនាំក្រុមការងារសាងសង់វិមាន ជាប្រវត្តិសាស្រ្តមួយនេះ តាមការណែនាំ និងចង្អុលបង្ហាញជាប្រចាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់៕