ក្រសួងទេសចរណ៍ នឹងបង្កើតស្តង់ដារង្វាន់អ្នកជំនាញទេសចរណ៍គំរូ ក្នុងឧស្សាហកម្មទេសចរណ៍ ដើម្បីជំរុញលើកទឹកចិត្តដល់មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ មានការគិតគូរលើការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពបុគ្គលិករបស់ខ្លួន និងលើកទឹកចិត្តដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ឱ្យខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរ ព្រមទាំងជំរុញឱ្យមានការទទួលស្គាល់ និងជឿទុកចិត្តលើគុណភាពសេវាកម្មពីភ្ញៀវទេសចរផងដែរ។
ដើម្បីទទួលបានមតិយោបល់គ្រប់ជ្រុងជ្រោយពីភាគីពាក់ព័ន្ធ មុននឹងបង្កើតស្តង់ដារង្វាន់អ្នកជំនាញទេសចរណ៍គំរូ ក្នុងឧស្សាហកម្មទេសចរណ៍ខាងលើ និងដោយទទួលបានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ផងនោះ ទើបនាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងស្តង់ដារង្វាន់អ្នកជំនាញទេសចរណ៍គំរូ ក្នុងឧស្សាហកម្មទេសចរណ៍ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោមអធិបតីភាពលោក លីវ វណ្ណហេង អគ្គនាយករងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ក្នុងនាមតំណាងលោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ក្នុងនោះក៏មានការចូលរួមពីសំណាក់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ អ្នកជំនាញទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ តំណាងសមាគមក្នុងវិស័យទេសចរណ៍ និស្សិត ព្រមទាំងមន្ទីរទេសចរណ៍ និងភាគីពាក់ព័ន្ធ សរុបប្រមាណ១២០នាក់។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលគំនិត និងធាតុផ្សំល្អៗពីគ្រប់ភាគីពាក់ព័ន្ធ សម្រាប់ដាក់បញ្ចូលទៅក្នុងស្តង់ដារង្វាន់អ្នកជំនាញទេសចរណ៍គំរូ ក្នុងឧស្សាហកម្មទេសចរណ៍ ឱ្យមានភាពគ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ និងអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់ធ្វើការវាយតម្លៃអ្នកជំនាញទេសចរណ៍ ដែលបម្រើការងារក្នុងឧស្សាហកម្មទេសចរណ៍ទាំងអស់ នៅក្នុងយុទ្ធនាការប្រឡងប្រណាំងអ្នកជំនាញទេសចរណ៍គំរូ នាពេលខាងមុខនេះ ជាពិសេសចូលរួមធ្វើឱ្យសម្រេចបាននូវការអភិវឌ្ឍសមត្ថភាពអ្នកជំនាញទេសចរណ៍កម្ពុជា ក្លាយជាអ្នកជំនាញទេសចរណ៍គំរូ ដែលជាបុគ្គលដែលសមត្ថភាព ចំណេះដឹង ជំនាញ អាកប្បកិរិយា និងបុគ្គលិកលក្ខណ:ល្អនៅក្នុងការផ្តល់សេវាកម្មល្អដល់ភ្ញៀវ និងទទួលបានភាពស្រលាញ់ពេញចិត្តពីភ្ញៀវ និងសហការីនៅនឹងកន្លែងការងារ ដែលតាមរយៈភាពជំនាញ និងភាពគំរូនេះ វានឹងចូលរួមលើកទឹកចិត្ត និងជំរុញដល់ការអភិវឌ្ឍសមត្ថភាពជំនាញរបស់អ្នកជំនាញទេសចរណ៍ និងគុណភាពសេវាកម្មទេសចរណ៍ដែលចូលរួមគាំទ្រដល់ «ចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និងយុទ្ធនាការឃោសនាផ្សព្វផ្សាយទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ និងផ្តល់នូវភាពកក់ក្តៅ»។
ឡាបិល ស្តីពីរង្វាន់អ្នកជំនាញទេសចរណ៍គំរូ ក្នុងឧស្សាហកម្មទេសចរណ៍ គឺជាគំនិតផ្តួចផ្តើមថ្មីមួយសម្រាប់កម្ពុជា ក្នុងការជំរុញលើកទឹកចិត្តដល់មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ មានការគិតគូរលើការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពបុគ្គលិករបស់ខ្លួន និងលើកទឹកចិត្តដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ឱ្យខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរ ព្រមទាំងជំរុញឱ្យមានការទទួលស្គាល់ និងជឿទុកចិត្តលើគុណភាពសេវាកម្មពីភ្ញៀវទេសចរផងដែរ។
គួរកត់សម្គាល់ថា រយៈពេល៧ខែដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណ ៣.៥លាននាក់ កើនឡើង ១១.១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧។ តាមការព្យាករណ៍នៅឆ្នាំ ២០២០ កម្ពុជានឹងអាចទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ ជាមួយនឹងចំណូលសរុបប្រមាណ ៥ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់ប្រមាណជិត ១លាននាក់ នៅឆ្នាំ២០២៥ និងប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០ ជាមួយចំណូលសរុបប្រមាណ ១០ពាន់លានដុល្លារអាមេរិក បង្កើតឱកាសការងារដោយផ្ទាល់ប្រមាណ ២លាននាក់៕