មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារសាងសង់ប្រឡាយមេពោធិ៍ពីរដើម


ថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារសាងសង់ប្រឡាយមេពោធិ៍ពីរដើម ( ជំហានទី ២ ) ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ។

គួររំលឹកជូនថា បន្ទាប់ពីបានបញ្ចប់នូវជំហានទី ១ ប្រឡាយមេពោធិ៍ពីរដើម ស្ថិតក្នុងឃុំតាឡំ និងឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់នូវជំហានទី ២ បន្តទៀត ។ ការសាងសង់នៅក្នុងជំហានទី ២ នេះ គឺមានប្រវែង ៦.០០០ ម៉ែត្រ និងមានបំំពាក់នូវសំណង់សិល្បការតូចធំ សរុបចំនួន ១៩ កន្លែង ។ ប្រឡាយមេពោធិ៍ពីរដើម ជំហានទី ២ មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សា ចំនួន ១.០៣២ ហិកតា ស្រូវប្រាំង ចំនួន ១៣៥ ហិកតា និងដំណាំរួមផ្សំ ចំនួន ១០ ហិកតា ៕